(ភ្នំពេញ)៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ បើកអង្គសន្និបាតជាបន្តបន្ទាប់ទៅតាម សង្កាត់នានា ក្នុងខណ្ឌឫស្សីកែវ ក្នុងដំណើរការពង្រឹង និងត្រួតពិនិត្យ ក៏ដូចជាវាយតម្លៃលើ សេចក្ដីព្រាងរបាយការណ៍លទ្ធផលរបស់ គណបក្ស នៃសង្កាត់នានាសម្រាប់អាណត្តិទី៣ ឆ្នាំ២០១២-២០១៧ ដែលបានអនុវត្តគោលនយោបាយ រយៈពេល៥ឆ្នាំ និងលើកទិសដៅ អនុវត្តគោលនយោបាយបន្ត ឆ្នាំ២០១៧-២០២២។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ សន្និបាទដដែលនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅ គណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ សម្រាប់សង្កាត់ច្រាំងចំរេះ២ ក្រោមអធិបតីភាព លោកឧកញ៉ា អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន កម្ពុជា ជាប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា។ ក្នុងនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំខណ្ឌ រួមនិងសមាជិក-សមាជិការបក្ស មានចំនួន១,០៨៤នាក់។
សន្និបាតនេះ ធ្វើឡើងដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល នៃការអនុវត្តគោលនយោបាយរបស់គណបក្ស សម្រាប់អភិវឌ្ឍន៍សង្កាត់ រយៈពេល៥ឆ្នាំ កន្លងមក និងលើកទិសដៅបន្តភារកិច្ច ដោយដាក់ចេញនូវកម្មវិធីនយោបាយរបស់ គណៈកម្មាធិការគណបក្សសង្កាត់ សម្រាប់អភិវឌ្ឍន៍ពី ឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងដំណើរការបោះឆ្នោតស្ទាបស្ទង់មតិ ដើម្បីធ្វើការជ្រើសរើសបេក្ខជន ដែលត្រូវឈរ ឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។
ជាមួយគ្នានេះ អង្គសន្និបាត ក៏បានត្រួតពិនិត្យវាយតម្លៃលើ សេចក្ដីព្រាងរបាយការណ៍លទ្ធផលរបស់គណបក្ស សង្កាត់ទួលសង្កាត់ ច្រាំងចំរេះ២ អាណត្តិទី៣ (២០១២-២០១៧) ដែលបានអនុវត្តគោលនយោបាយ រយៈពេល៥ឆ្នាំ និងលើកទិសដៅអនុវត្តគោលនយោបាយ ៥ឆ្នាំបន្ត (២០១៧-២០២២) ដើម្បីធានាឲ្យបាននូវសុវត្ថិភាព និងរបៀបរៀបរយនៃដំណើរការ សន្និបាតគណៈកម្មាធិការគណបក្សសង្កាត់ និងសូមឲ្យសមាជិក-សមាជិកាទាំងអស់ អនុវត្តន៍ឲ្យបានត្រឹមត្រូវតាមកម្មវិធី នៃសេចក្តីប្រកាសផ្សេងៗ របស់អង្គសន្និបាតដោយមានការ តាមដានស្តាប់រាល់របាយការណ៍ មុនពេលសម្រេចអនុវត្តន៍សម្រេចលើបញ្ហាផ្សេងៗ ឲ្យបានត្រឹមត្រូវ ក្នុងការអនុម័តប្រកបដោយ ប្រសិទ្ធភាពខ្ពស់ មានគុណភាព និងតម្លាភាព៕