(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកព្រៃ ឈរខេត្តកំពង់ចាម បានក្រើនរំលឹកទៅសមាជិក សមាជិកា និងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកព្រៃឈរទាំងអស់ ត្រូវ បន្តប្រឹងប្រែងធ្វើការងារបម្រើប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
លោក ប៉ាន សូរស័ក្តិ បានក្រើនរំលឹកបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែធ្នូ ឆ្នាំ២០១៦ របស់ក្រុមការងារចុះជួយស្រុកព្រៃ ឈរនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ នៅភោជនីយដ្ឋានទន្លេបាសាក់២។ កិច្ចប្រជុំនេះ ក៏ដើម្បីត្រួតពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងស្តាប់របាយការណ៍របស់គណៈកម្មាធិការគណបក្សឃុំ និងស្រុកផងដែរ។
កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលជាសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាល និង គណៈមូលដ្ឋានគណបក្សប្រជាជនស្រុកព្រៃឈរជាង ២០០នាក់។
ក្នុងសន្ទរកថាបើកកិច្ចប្រជុំ លោក ប៉ាន សូរសក្តិ បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម ពិសេសសហការជាមួយគណៈកម្មាធិការគណបក្សមូលដ្ឋាន ដើម្បីចូលរួមអភិវឌ្ឍន៍ភូមិ-ឃុំ និង រៀបចំចុះឈ្មោះបោះឆ្នោតជូនប្រ ជាជនបានយ៉ាងរលូន ក៏ដូចជាចុះជួយសមាជិកគ្រួសារឆ្លងទន្លេ មរណភាព និងជួបប្រទះការលំបាកផ្សេងៗ ដែលប្រការនេះ បានឆ្លុះបង្ហាញពីស្មារតី នៃកិច្ចសហការល្អ ដែលជាវប្បធម៌ប្រពៃណីរបស់គណបក្សប្រជាជនកម្ពុជា។
លោក ប៉ាន សូរស័ក្តិ ក៏បានលើកទឹកទឹកចិត្តដល់ប្រធានក្រុមការងារចុះជួយឃុំទាំង១៥ នៃស្រុកព្រៃឈរ រាយការណ៍ជូនអង្គប្រជុំ ដើម្បីក្តាប់ឲ្យបានច្បាស់អំពីវឌ្ឍនភាពការងារ និងសភាពការណ៍ទូទៅ ព្រមទាំងបញ្ហាប្រឈមផ្សេងៗដែលត្រូវដោះស្រាយចំពោះមុខដូចជា ការធ្វើសំបុត្រកំណើតជូនប្រជាជន ការដាក់លូ និងការបញ្ចុះតម្លៃអគ្គិសនី សំដៅត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ក្នុងការដណ្តើមយកជ័យជំនះជូនគណបក្ស សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងត្រូវរៀបចំឡើងនៅពាក់កណ្តាលឆ្នាំនេះ។
លោក ទេព រាមមុនី ប្រធានគណៈកម្មាធិការគណបក្សស្រុកព្រៃឈរ បានឲ្យដឹងថា គណៈកម្មាធិការបានផ្តោតការយកចិត្តទុកដាក់ខ្លាំង លើការគ្រប់គ្រងសមាជិកចាស់ និងពង្រីកសមាជិកថ្មី ពិសេសយុវជនវ័យក្មេង ដែលគិតមកទល់ពេលនេះ ស្រុកព្រៃឈរបានកសាងសមាជិកសរុប ៤៨,១៦២នាក់ ក្នុងនោះស្រីចំនួន ២៦,១៧២នាក់។ ចំពោះការចុះឈ្មោះបោះឆ្នោត គណៈកម្មាធិការគណបក្សស្រុក បានចុះឈ្មោះជូនប្រជាជនមូលដ្ឋានសរុប ៧៧,០៤៩នាក់ ក្នុងនោះស្រីមានចំនួន ៤២,០៤៦នាក់ ស្មើនឹង ៧៣,២៨%៕