(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាសម្ដែងការគួរសម រវាងលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយលោក Harry H.Horinochi ឯកអគ្គរាជទូតជប៉ុន ថ្មីប្រចាំកម្ពុជានាថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៧នេះ ដៃគូសន្ទនាបានផ្តោតការយកចិត្តទុកដាក់ ជាសំខាន់ទៅលើវិស័យទឹកស្អាត ដែលក្នុងនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងអំណរគុណ ដល់ប្រទេសជប៉ុន តាមរយៈអង្គការ JICA បានសហការយ៉ាងល្អ ជាមួយក្រសួងក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រី បានស្នើឲ្យដៃគូជប៉ុន បន្តជួយកម្ពុជាលើវិស័យនេះទៀត ដើម្បីកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន លើវិស័យទឹកស្អាត ទាំងទីក្រុង ទីប្រជុំជន និងជនបទ រួមទាំងតំបន់ឆ្នេរ ដែលជាគោលដៅទេសចរណ៌ មាត់សមុទ្រដ៏សំខាន់របស់កម្ពុជាផងដែរ។ ឆ្លៀតឱកាសនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងការកោតសរសើរ ដែលតាមរយៈជំនួយបច្ចេកទេស របស់ជប៉ុន វិស័យទឹកស្អាតនៅកម្ពុជា ទទួលបានចំណាត់ថ្នាក់ខ្ពស់ផ្នែកគុណភាព។ ជាពិសេស រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបានពានរង្វាន់បន្តបន្ទាប់ ពីស្ថាប័នវាយតម្លៃអន្តរជាតិជាច្រើន។
តែទោះជាយ៉ាងណា លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា វិស័យទឹកស្អាតក្រោមប្រតិបត្តិករ អាជីវកម្មឯកជន គឺនៅត្រូវការជំនួយបច្ចេកទេស ជាច្រើនទៀត សម្រាប់ជួយពួកគេ អាចផលិតទឹកស្អាត ប្រកបដោយគុណភាព ឲ្យមានការយល់ដឹងផ្នែកគ្រប់គ្រងអាជីវកម្ម និងបញ្ជីគណនេយ្យត្រឹមត្រូវ ដើម្បីអាចជួយសន្សំថ្លៃដើម និងមានថ្លៃលក់ចេញសមរម្យ ពីព្រោះបច្ចុប្បន្នបញ្ហាចោទ គឺប្រជាពលរដ្ឋមានការតវ៉ា និងត្អូញត្អែរ រឿងតម្លៃទឹកខុសៗគ្នា រវាងតំបន់មួយទៅតំបន់មួយ ឬពីខេត្តមួយទៅខេត្តមួយ ។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី សូមធ្វើការបកស្រាយ និងអំពាវនាវដល់ប្រជាពល ឲ្យមានការស្វែងយល់លើកត្តានេះ គឺថាតម្លៃទឹកស្អាតពីតំបន់មួយ ឬពីខេត្តមួយទៅខេត្តមួយ មិនអាចមានតម្លៃដូចគ្នាបានទេ ពីព្រោះវាទាក់ទងនិងប្រភពទឹកខុសគ្នា និងសារធាតុពុលក្នុងទឹកក៏ខុសគ្នាដែរ។ ទឹកខ្លះយកពីទន្លេ ស្ទឹង បឹងបួរ និងខ្លះទៀតយកចេញពីស្រះ ឬជីកក្រោមដីជាដើម ដែលធ្វើឲ្យគុណភាពទឹកខុសគ្នា នាំឲ្យការចំណាយថ្លៃដើមក៏ខុសគ្នាដែរ ។ តែទោះជាយ៉ាងណា តម្លៃទឹកខុសគ្នាមានការលំអៀង បន្តិចបន្តួចប៉ុណ្ណោះ ដែលថ្លៃបំផុតប្រមាណ ២៥០០៛ប៉ុណ្ណោះ ក្នុងមួយម៉ែត្រគូប ។
ចំណុចនេះលោកបានធ្វើការប្រៀបធៀបថា ទឹកមួយម៉ែត្រគូបតម្លៃ២៥០០៛ គឺស្មើនិងមួយពាន់លីត្រ បើជួលឲ្យគេរែកដាក់ពាង គឺស្មើនឹង០៧ ពាងធំ តើនរណាហ៊ានរែកទឹកឲ្យយើងទេ ក្នុងតម្លៃ ២៥០០៛ ស្មើនឹង០៧ ពាងធំ ស្របពេលដែលទឹកស្អាតតបណ្តាញដល់ផ្ទះ អាចត្រងផឹកបាន ។ ជាចុងក្រោយ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្នើឲ្យភាគីជប៉ុន ជួយបណ្តុះបណ្តាលធនធានមនុស្ស នៃមន្ត្រីក្នុងអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលទើបបង្កើតថ្មីៗនេះ ដើម្បីឲ្យមន្ត្រីទាំងនោះ មានសមត្ថភាពអាចអាចបំពេញ ការងារស្នូលរបស់ខ្លួន និងអាចបណ្តុះបណ្តាលបន្តបាន៕