(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជា ប្រធានក្រុមការងារចុះជួយស្រុកញញាក្រែក ខេត្តត្បូងឃ្មុំ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានកសាងសមិទ្ធផល ជាច្រើននៅតាមូលដ្ឋានជាក់ស្តែង ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
ការលើកឡើងរបស់ លោក វងសូត បានធ្វើឡើងនៅក្នុងពិធីបើកសន្និបាតបូក សរុបការងាររយៈពេល៥ឆ្នាំ និងទិសដៅសម្រាប់ ការអភិវឌ្ឍន៍ឃុំអាណត្តិទី៤ ឆ្នាំ២០១៧-២០២២ របស់គណៈកម្មាធិការឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ។
លោក វង សូត ប្រធានក្រុមការងារចុះជួយស្រុកញញាក្រែក ខេត្តត្បូងឃ្មុំ បានបន្ថែមឲ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តន៍កម្មវិធីគោលនយោបបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ គឺសម្រេចបាន សមិទ្ធផលថ្មីៗជាច្រើនទៀត ជូនជាតិ និងប្រជាជន ជាពិសេសការពង្រីកសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានរក្សាយ៉ាងរឹងមាំ ធ្វើឲ្យប្រជាជនរស់នៅយ៉ាងសុខសាន្ត ព្រមទាំងធានានូវការអនុគ្រោះ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាតិផងដែរ។
លោក វង សូត បានលើកឡើងបន្តថា ទាក់ទិននឹងច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីធម៌សម្រាប់ ការបោះឆ្នោត គណបក្សប្រជាជនកម្ពុជាគោរពអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ដោយបានចូលរួមយ៉ាងសកម្មជាមួយគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោត អាជ្ញាធរមានសមត្ថកិច្ច គ្រប់គណបក្សនយោបាយ និងមជ្ឈដ្ឋានផ្សេងៗទៀត ក្នុងការ ពង្រីកបរិយាកាសនយោបាយឲ្យបានល្អប្រសើរ ប្រកបដោយលក្ខណៈអព្យាក្រិត និងប្រជាធិបតេយ្យ ដើម្បីធានាការបោះ ឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
បន្ថែមពីលើនេះ លោក វង សូត បានលើកឡើងទៀតថា ដើម្បីជម្រុញការអភិវឌ្ឍន៍ឃុំ-សង្កាត់ ឲ្យកាន់តែមានការរីកចម្រើន បន្ថែមទៀត ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូល ដ្ឋាន ដូច្នេះទើបក្រុមការងាររៀបចំពិធីបោះឆ្នោតស្ទាបស្ទង់ជាមុន ដើម្បីពិនិត្យមើលប្រជាប្រិយភាពរបស់បេក្ខជនម្នាក់ៗ សំដៅធ្វើឲ្យការរៀបចំបញ្ជីបេក្ខជនតាមលំដាប់លេខរៀង ឲ្យមានប្រសិទ្ធក្នុងការប្រកួតប្រជែង។
លោក វង សូតបន្តថា ក្រោយពីអ្នកស្នេហាជាតិរបស់គណបក្សប្រជាជនកម្ពុជា បានប្រមូលផ្ដុំជាកម្លាំងមហាសាមគ្គីមួយ បង្កើតបានជារណសិរ្ស ២ ធ្នូ ១៩៧៨ ដើម្បីផ្ដួលរំលរបប ប៉ុល ពត យើងក៏ ទទួលបានជោគជ័យ ថ្ងៃ៧ ខែមករា ១៩៧៩ ក្នុងនោះកម្ពុជាបានអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ ពីបាតដៃទទេ រហូតប្រទេសយើងឈានឡើងជាប្រទេសមានអភិវឌ្ឍន៍ ដោយសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យម ៧.១% ក្នុងមួយឆ្នាំជាពិសេសការផ្តល់សុខសន្តិភាព ស្ថេរភាពពាសពេញផ្ទៃប្រទេស រហូតមកដល់សព្វថ្ងៃផងដែរ៕