(ភ្នំពេញ)៖ លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានតុលាការដោះលែងឱ្យចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យហើយ នៅមុននេះបន្តិច នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ។ នេះបើតាមសេចក្តីរាយការណ៍ពី មន្រ្តីពន្ធនាគារខេត្តបន្ទាយមានជ័យ។
លោក ឌិន ពុទ្ធី ដែលជាប់ចោទរឿងបើករថយន្តបុកមន្រ្តីអន្តោប្រវេសច្រកអន្តរជាតិប៉ោយប៉ែត ត្រូវបានសភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន នៅក្នុងសវនាការ កាលពីម្សិលមិញ។
លោក គីម សុជាតិ មេធាវីការពារក្ដីលោក ឌិន ពុទ្ធី បញ្ជាក់នៅព្រឹកថ្ងៃទី១៣ ខែមករាថា ក្រោយបើកសវនាការជាអសាធារណៈ លោក ងួន រតនា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចដោះលែងលោក ឌិន ពុទ្ធី ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយភ្ជាប់លក្ខខណ្ឌពោលគឺមិនត្រូវផ្លាស់ប្ដូរទីលំនៅ និងត្រូវចូលបំភ្លឺតាមដីកាកោះរបស់តុលាការជាដើម។ សវនាការនេះគឺគ្មានវត្តមានលោក ឌិន ពុទ្ធី នោះទេ តែមេធាវី លោក គីម សុជាតិ ការពារក្ដីលោក ឌិន ពុទ្ធី បានចូលរួមសវនាការដើម្បីតតាំងនីតិវិធី។
សូមជំរាបថា កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅត្រង់ក្បាលស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រវាងថយន្តម៉ាក LEXUS RX300 ពាក់ស្លាក់លេខ ប-ជ 2A 5484 ពណ៌ស្ករ បើកបរដោយ លោក ឌិន ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាមួយ លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ប៉ោយប៉ែត ដែលចុះរៀបចំសណ្ដាប់ធ្នាប់នៅលើស្ពានមិត្តភាពកម្ពុជា-ថៃ។ ករណីនេះសមត្ថកិច្ចក៏បាន ឃាត់ខ្លួន លោក ឌិន ពុទ្ធី អ្នកបើកបររថយន្តបញ្ជូនទៅតុលាការភ្លាមៗផងដែរ ហើយតុលាការខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួន លោក ឌិន ពុទ្ធិ បណ្តោះអាសន្នតែម្តង។
សូមបញ្ជាក់ថា អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងក្រសួងមហាផ្ទៃ បានចេញសេចក្តីថ្លែងការណ៍ជុំវិញករណី គ្រោះថ្នាក់ចរាចណ៍នេះ៕