(ភ្នំពេញ)៖ យោងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៥ ខែមករាស្អែកនេះ NOCC នឹងធ្វើការចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនខ្សែភាពយន្ដឥណ្ឌាដ៏ធំមួយ តាមរយៈការចុះអនុស្សារណៈយោគយល់គ្នា (MoU) ដើម្បីផលិតខ្សែភាពយន្ដពាក់ព័ន្ធនឹងជីវិតកីឡាក្នុងប្រទេសកម្ពុជាលើកដំបូងនាឆាប់ៗខាងមុខ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងនាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១៧ នេះថា នេះជាលើកដំបូងហើយ ដែលមានក្រុមហ៊ុនភាពយន្ដបរទេសចាប់អារម្មណ៍ និងចង់សហការជាមួយកម្ពុជា ដើម្បីបង្កើតខ្សែភាពយន្ដកីឡាក្នុងប្រទេសកម្ពុជា ហើយលោកពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង និងស្វាគមន៍យ៉ាងកក់ក្ដៅ សម្រាប់កិច្ចសហការនេះ ដើម្បីជំរុញសក្ដានុពលវិស័យកីឡាក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន។
អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «នៅថ្ងៃស្អែកនេះ ក្រុមហ៊ុនរឿងកុនឥណ្ឌា នឹងមកសហការជាមួយ NOCC ដើម្បីផលិតរឿងកុនកីឡា និងបង្ហាញពីវីរៈភាពកីឡាកម្ពុជា ក៏ដូចជាជំរុញការផ្សព្វផ្សាយឲ្យមហាជន និងអន្ដរជាតិបានស្គាល់ពីដំណើរជីវិត ការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីមួយចំនួន ដែលនឹងត្រូវបានជ្រើសរើសទៅថតកុន។ ពិសេសគឺជំរុញឲ្យចលនាកីឡាអូឡាំពិកកម្ពុជា កាន់តែមានភាពទាក់ទាញ តាមរយៈការផ្សព្វផ្សាយទៅកាន់ទីផ្សារភាពយន្ដអន្ដរជាតិតែម្ដង»។
អគ្គលេខាធិការ NOCC រូបនេះបានបន្ថែមថា ជាបឋមពេលនេះ លោកមិនទាន់ដឹងពីគម្រោងចំណាយចាប់ផ្ដើម ឬប្រើប្រាស់ធនធានកីឡាករ-កីឡាការិនីកម្ពុជាប៉ុន្មាននាក់ ដើម្បីថតកុនតាមសំណើរបស់ភាគីឥណ្ឌានោះទេ គឺរង់ចាំកិច្ចពិភាក្សា និងការចុះ MoU នាថ្ងៃស្អែកសិន។ ប៉ុន្ដែយ៉ាងណាការចុះ MoU ខាងលើនឹងបើកផ្លូវឲ្យកីឡាករ-កីឡាការិនីកម្ពុជា ដែលធ្លាប់បានកសាងកិត្តិយសជូនជាតិមួយចំនួន ដើម្បីថតខ្សែភាពយន្ដតាមគោលការណ៍របស់ក្រុមហ៊ុនឥណ្ឌា ដែលគ្រោងនឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខ៕