(កំពង់ធំ)៖ កាដូឆ្នាំថ្មីដើមឆ្នាំ២០១៧នេះ អណ្តូងទឹកស្អាតចំនួន១០ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋអាស្រ័យផលជាង១០០គ្រួសារ នៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដើម្បីប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ អណ្ដូងទឹកទាំងអស់នេះ ត្រូវបានប្រគល់ដោយ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌីប៉ុក នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧។
ថ្លែងក្នុងឱកាសនោះ លោកស្រី ពេជ ចន្ទមុន្នី បានឲ្យដឹងថា អំណោយអណ្តូងទឹកស្អាតទាំងនេះ គឺជាអំណោយរបស់លោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក ដែលត្រូវជាឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយលោកស្រីបញ្ជាក់ថា កាលដែលលោកទាំងពីរមាននៅមានជីវិត លោកតែងតែធ្វើបុណ្យដាក់ទាន សន្សំកុសលជាច្រើនដូចជា កសាងសាលារៀន វិហារ ផ្លូវថ្នល់ របង នឹងទ្រព្យសម្បត្តិសាធាណៈមួយចំនួនទៀត ជាពិសេសនោះ គឺជួយដល់ប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទ ខ្វះខាតទឹកស្អាតប្រើប្រាស់នេះតែម្តង ដូច្នេះបន្ទាប់ពីលោកលាចាកលោកទៅ ទើបកូនចៅសម្រេចយកថវិកា ដែលនៅសេសល់ទាំងប៉ុន្មាន មកធ្វើជាមូលនិធិអណ្តូងទឹកស្អាត ជូនដល់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាប្រើប្រាស់វិញ។
ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ និងអ្នកទទួលអាស្រ័យផល នៃអណ្តួងទឹកស្អាតទាំងអស់ ម្នាក់ៗមានអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង និងបានសម្ដែងនូវការដឹងគុណ និងអរគុណចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូដល់ពួកគាត់ដែលរស់នៅតាមទីជនបទដាច់ស្រយ៉ាល ជាពិសេសផ្តល់អណ្តូងទឹកស្អាតនេះ សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
ក្រៅពីប្រគល់អណ្តូងទឹកលោកស្រី ប្រធានមូលនិធិក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះមកជួយ ពិនិត្យ និងព្យាបាលសុខភាពទូទៅជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃផងដែរ រួមទាំងថ្នាំព្យាបាលមួយចំនួនទៀត។
សូមបញ្ជាក់ថា មូលនិធិអណ្តូងទឹកស្អាតធ្វើជូនដល់ប្រជាពលរដ្ឋ តាមបណ្តាខេត្តមួយចំនួន ជាពិសេសអ្នកដែលរស់នៅតំបន់ជនបទដាច់ស្រយ៉ាល ឆ្ងាយពីប្រភពទឹក និងខ្វះខាតទឹកស្អាតប្រើប្រាស់នៅក្នុងរដូវប្រាំង ដោយនេះគឺជាការរួមចំណែកកាត់បន្ថយភាពក្រីក្រីនៅក្នុងសហគមន៍ និងធ្វើឲ្យជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង។ សព្វថ្ងៃនេះមូលនិធិអណ្តូងទឹកស្អាត បានធ្វើជូនប្រជាពលរដ្ឋបានជាង៥០០អណ្តូង ហើយក្នុងនោះមានទាំងអណ្តូង ដៃ អណ្តូលូ និងអណ្តូងស្នប់ ហើយជិត៤០០អណ្តូង បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៕