(ពោធិ៍សាត់)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះថា ករណីប្រជាពលរដ្ឋពុលបាយ ដែលមានកុមារា កុមារី និងមនុស្សចាស់ផងដែរនោះ ពេលនេះបានធូរស្រាលហើយ ដោយប្រជាពលរដ្ឋមួយចំនួន បានចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅគេហដ្ឋានរៀងៗ ខ្លួនវិញហើយ។
បើតាមការបញ្ជាក់ពីអាជ្ញាធរ មានសមត្ថកិច្ចខេត្តពោធិ៍សាត់ បានឲ្យដឹងថា ករណីសង្ស័យពុលបាយនេះកើតឡើង បន្ទាប់ពីក្រុមការងារលោក ទី ថានី បានទិញបាយពី ផ្សារព្រែក ពីរកន្លែងផ្សេងគ្នាចំនួន៨០០កញ្ចប់ ដើម្បីចែកជូនពលរដ្ឋ ចូលរួមសន្និបាតនៅឃុំសំរោង ពេលនៅសល់បាយ១៧០កញ្ចប់ ក្រុមការងារបានយកទៅចែក ជូនសិស្សានុសិស្ស សាលាបឋមសិក្សាបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅពេលក្មេងៗបានហូបទៅក៏នៅសេសសល់ និងបានបាយនៅសល់នោះ យកទៅឲ្យបងប្អូនក្រុមគ្រួសារហូបនៅផ្ទះ។ សិស្សានុសិស្សទាំងនោះបានហូបបាយនៅម៉ោង៣រៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីហូបរួច នៅម៉ោង៧៖១០នាទីយប់ ស្រាប់តែចាប់ផ្តើមក្អួតចង្អោ ពុលតែម្តង។
អាជ្ញាធរបានបញ្ជាក់តួលេខថា ចំពោះកុមារា កុមារី និងប្រជាពលរដ្ឋដែលពុលបាយទាំងអស់មានចំនួន ១៩៧នាក់ ក្នុងនោះបានព្យាបាលនៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ចំនួន៩៨នាក់ និង នៅមន្ទីរពេទ្យបង្អែកភ្នំក្រវាញ៩៩នាក់ ហើយនៅពេលនេះ មានប្រជាពលរដ្ឋមួយចំនួនបានធូរស្រាល និងចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅផ្ទះវិញហើយ។
ចំពោះករណីនេះ ក្រុមគ្រូពេទ្យបាននឹងកំពុងពិនិត្យមើលរកមូលហេតុពិតប្រាកដ នៃការពុលនេះ។ ក្នុងករណីពុលអាហារនេះ ត្រូវបានលោកអភិបាលខេត្តពោធិ៍សាត់ ម៉ៅ ធនិន ចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ៕