(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលមានរហស្សនាមថា «គោព្រៃ» នឹងជួបក្រុមខ្លាំងក្នុងតំបន់អាស៊ី អារ៉ាប់ប៊ីសាអូឌី (Saudi Arabia) នៅម៉ោង ១០យប់នេះ (ម៉ោងនៅកម្ពុជា) ក្នុងជំនួបមិត្តភាពអន្ដរជាតិ ដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋាន Zayed Sports City លើទឹកដីកណ្ដាលនៃប្រទេសអារ៉ាប់រួម (AUE) ដោយពុំមានវត្តមានកីឡាករឆ្នើមៗ ឈិន ឈឿន, ប្រាក់ មុន្នីឧត្តម និង ចាន់ វឌ្ឍនាកា។
បើតាមសំដីរបស់អ្នកចាត់ទូទៅក្រុមជម្រើសជាតិកម្ពុជា បានថ្លែងក្នុងឱកាសកំពុងហ្វឹកហាត់កាលពី ២ថ្ងៃមុនបានឲ្យដឹង ថា កីឡាករជួរមុខទាំង៣នាក់នោះ មិនបានរួមដំណើរទៅប្រទេសដែលស្ថិតនៅតំបន់អាស៊ីបូព៌ា ដើម្បីធ្វើការប្រកួតមិត្ត ភាពជាលក្ខណៈអន្តរជាតិនោះឡើយ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា ឈិន ឈឿន កំពុងមានជំងឺ គ្រាដែលមិត្តរួម ក្រុម ប្រាក់ មុន្នីឧត្តម ជិតដល់ថ្ងៃចូលរោងការ និង ចាន់ វឌ្ឍនាកា វិញ ត្រូវបានក្លឹបមកពីជប៉ុន Fujieda MYFC ខ្ចីជើង រយៈពេល ១ឆ្នាំ (ឆ្នាំ២០១៧)។
នេះជាការប្រកួតបើកទំព័រដើមឆ្នាំថ្មី ហើយក៏ជាជំនួបប្រវត្តិសាស្ដ្រលើកទី១ផងដែរ ដែលក្រុមគោព្រៃកម្ពុជា មានឱកាសសាកថ្វី ជើងជាមួយក្រុមអារ៉ាប់ប៊ីសាអូឌីត ដែលកំពុងឈរចំណាត់ថ្នាក់លេខ៤៨ លើពិភពលោក និងឈរចំណាត់ថ្នាក់លេខ៥ ក្នុងទ្វីបអាស៊ី ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីមួយទៀតពីការប្រកួតនេះ។
ប៉ុន្ដែមុនការប្រកួតចាប់ផ្ដើម គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា លោក Lee Tae Hoon បានបង្ហើបពីក្ដីបារម្ភមួយចំនួន ជុំវិញកូនក្រុមរបស់ខ្លួន និងការប្រមូលផ្ដុំ ដែលមានរយៈពេលខ្លី ដែលជាបញ្ហាដ៏ពិបាកក្នុងការត្រៀមទប់ទល់ជាមួយ ក្រុមអារ៉ាប់ប៊ីសាអូឌីត។ តែយ៉ាងណាគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះ នៅតែប្ដេជ្ញាធ្វើឲ្យបានល្អបំផុត ដើម្បីកិត្តិយសប្រទេសជាតិកម្ពុជា៕