(ភ្នំពេញ)៖ នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៧ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព វរសេនីយ៍ លុយ ប៊ុនឡុង ដែលបានទទួលមរណភាព កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ក្នុងជន្មាយុ ៤២ឆ្នាំ ដោយជំងឺគ្រុនចាញ់ ក្នុងពេលបំពេញបេសកកម្មពិសេសរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល ហើយបច្ចុប្បន្ន សពតម្កល់ធ្វើបុណ្យនៅវត្តទឹកថ្លា រាជធានីភ្នំពេញ។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ គណៈប្រតិភូ បានប្រគល់លិខិតរំលែកទុក្ខយ៉ាងក្រៀមក្រំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនលោកស្រី សួង សូនឿន ត្រូវជាភរិយា វរសេនីយ៍ លុយ ប៊ុនឡុង និងសូមឲ្យវិញ្ញាណក្ខន្ធសព បានទៅកាន់ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សម្ភារៈចូលបុណ្យរួមមាន៖ អង្ករ ១០០គីឡូក្រាម មី ៥កេស ត្រីខ៥ យួរ ទឹកក្រូច ៥ កេស និងថវិកាមួយចំនួន៕