(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថាអង្គការឃ្លាំមើលសិទ្ធិមនុស្សពិភពលោក (Human Right Watch) តែងព្យាយាមជ្រៀតជ្រែកដល់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ផ្ទុយស្រឡះអំពីជំហរឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ដែលបានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជានាថ្មីៗនេះ។
ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី Human Right Watch បានចេញរបាយការណ៍មួយថ្មីទៀត កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ដោយវាយប្រហារលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថា បានគាបសង្កត់លើគណបក្សប្រឆាំង ដើម្បីឈ្នះឆ្នោត ជាពិសេសបង្គាប់ឱ្យ អាជ្ញាធរកម្ពុជាធ្វើការស៊ើបអង្កេត ដើម្បីតាមចាប់ខ្លួនអ្នកនៅពីក្រោយឃាតកម្មលើ លោក កែម ឡី ខណៈដែលសំណុំរឿងនេះស្ថិតនៅក្នុងដៃតុលាការ។
លោក សុខ ឥសាន បានថ្លែងប្រាប់ Fresh News នៅព្រឹកថ្ងៃនេះយ៉ាងដូច្នេះថា «មិនមែនជារឿងចម្លែកទេ ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សនិយាយមិនល្អពីកម្ពុជា។ នេះជាវប្បធម៌ និងជាទំលាប់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះទៅហើយ ដែលបានវាយតម្លៃ និងសន្និដ្ឋានប្រកបដោយលំអៀង និងមិនបានផ្សារភ្ជាប់ទៅ នឹងតថភាពនៃសង្គមកម្ពុជាគឺអវិជ្ជមានគ្រប់បញ្ហា បានសេចក្តីថារាជរដ្ឋាភិបាលកម្ពុជាធ្វើអ្វី ក៏នៅតែមិនត្រូវចិត្តអង្គការនេះដដែល»។
រាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានចុះហត្ថលេខាជាថ្មី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ដោយព្រមព្រៀងឱ្យមានវត្តមានការិយាល័យអង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងថ្មីនេះ ក៏បានដាក់បញ្ចូលនូវចំណុចថ្មីមួយ ដែលចែងថា អង្គការសហប្រជាជាតិនឹងមិនលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា នេះគឺជាចំណុចវិជ្ជមានថ្មីមួយ សម្រាប់អង្គការក្រៅរដ្ឋាភិបាល និងប្រទេសកម្ពុជា។ លោក សុខ ឥសាន បានថ្លែងថា «ជាចំណុចវិជ្ជមានថ្មីគឺឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប ទើបបានចុះអនុស្សរណៈយោគយល់គ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាស្តីពីសិទ្ធិមនុស្ស ដោយបញ្ជាក់ពីការមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងកម្ពុជា ផ្ទុយពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលចូលចិត្តលូកចូល កិច្ចការផ្ទៃក្នុងកម្ពុជា»។
កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ ក្នុងពិធីរម្លឹកខួបលើកទី៣៨ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា កម្ពុជានឹងប្រឆាំងដាច់ខាតចំពោះសកម្មភាពពីខាងក្រៅណាមួយ ដែលព្យាយាមគាបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចចាត់ទុកថា ទង្វើបែបនេះគឺជាការបំពានលើគោលការណ៍ជាសកល និងអធិបតេយ្យរបស់ប្រទេសនីមួយៗ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «យើងប្រឆាំងនឹងសកម្មភាពណាមួយពីខាងក្រៅ ដែលព្យាយាមដាក់ការកៀបសង្កត់មក លើរាជរដ្ឋាភិបាលកម្ពុជា ឱ្យធ្វើតាមឆន្ទៈរបស់ខ្លួននៅក្រោមហេតុផលប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលជាការជ្រៀតជ្រែកមកលើដែន សមត្ថកិច្ចរបស់រដ្ឋអធិបតេយ្យមួយ បំពានលើគោលការណ៍ជាសកល»៕