(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមត្រីទ្រទ្រង់ជីវិតបាននាំគ្នារអ៊ូរទាំដូចៗគ្នាថា ការនាំចូលត្រីយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសវៀតណាម កំពុងធ្វើឲ្យត្រី ដែលពួកគាត់ចិញ្ចឹមក្នុងស្រុកគ្មានទីផ្សារ ហើយក៏អាចធ្វើឲ្យពួកគាត់បោះបង់អាជីពជាអ្នកចិញ្ចឹមត្រីនេះផងដែរ ព្រោះមិនអាចទប់ទល់ជាមួយការខាតបង់។
ភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាកន្លែងចិញ្ចឹមត្រីប្រា និង ចិញ្ចឹមសត្វទាយកសាច់ និងពង ដ៏ធំមួយក្នុងរាជធានីភ្នំពេញ។ របរចិញ្ចឹមត្រី និងទានេះ បានចូលរួមចំណែកជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្មែរជាច្រើនគ្រួសារឲ្យបានល្អប្រសើរផងដែរ។
ក្រុមអ្នកប្រកបរបរចិញ្ចឹមត្រី និងចិញ្ចឹមទា បានឲ្យដឹងថា ពួកគាត់ប្រកបរបរនេះមិនតិចជាង ៦ឆ្នាំនោះទេ ហើយបណ្តាឆ្នាំកន្លងទៅការចិញ្ចឹមនេះ ក៏ទទួលបានផលល្អប្រសើរផងដែរ ពោលដល់អំឡុងខែសីហា នៃបណ្តាឆ្នាំនីមួយៗ តែងមានឈ្មួញចាប់យកទៅចែកចាយ តាមបណ្តាខេត្តអស់ៗតែម្តង ហើយដល់អំឡុងខែមករា នៃឆ្នាំថ្មី គឺពួកគាត់ត្រូវចាប់កូនត្រីដាក់ស្រះទៀតហើយ។
តែសម្រាប់ឆ្នាំ២០១៦កន្លងទៅនេះ ត្រីរបស់គាត់មិនមានឈ្មួញមកចាប់យកចែកចាយលើទីផ្សារឡើយ ទោះបីតម្លៃត្រីថោកជាងបណ្តាឆ្នាំកន្លងទៅក្តី ហើយត្រូវបានអូសបន្លាយរហូតមកដល់ខែមករា ឆ្នាំ២០១៧ទៅហើយ ក៏គ្មានឈ្មួញមកចាប់ត្រីយកទៅចែកចាយលើទីផ្សារ ដែរ។ ការអូសបន្លាយក្នុងការចាប់ត្រីនេះ បានធ្វើឲ្យត្រីប្រានៅតាមស្រះមួយចំនួនត្រូវងាប់ថែមទៀតផង ព្រោះតែមិនអាចទ្រាំនិងអាកាសធាតុ ដែលប្រែប្រួលជារៀងរាល់ថ្ងៃ។
អ្នកស្រី ហុង ចាន់ថន បានបញ្ជាក់ដូច្នេះ «ត្រូវប្រមូលផលក្នុងខែ១០(តុលា) ហ្នឹង ប៉ុន្តែគេអត់មកចាប់យើង អូសបន្លាយរហូតដល់ខែ១១, ១២ ឬខែ១ ជួបការលំបាកច្រើន។ ទីផ្សារឥឡូវធ្វើបានហើយលក់អត់ចេញ ដោយសារការនាំចូលពីប្រទេសជិតខាងច្រើនពេក អ៊ីចឹងធ្វើឲ្យអ្នកចិញ្ចឹមក្នុងស្រុកដល់ពេលប្រមូលផលបែរជាប្រមូលអត់បានទៅវិញធ្វើឲ្យមានការខាតបង់ច្រើន»។
លោក ឆន ប្រុស អាយុ ៤៩ឆ្នាំ និងជាអ្នកប្រកបរបរចិញ្ចឹមត្រីប្រាប្រមាណជា ៦ឆ្នាំមកហើយនោះ បានថ្លែងបញ្ជាក់ថា «កន្លងមកខែ៨ ហើយយ៉ាងយូរបំផុតខែ១០ ឬ១១អីណឹងអ្នកចិញ្ចឹមត្រីលក់ត្រីចង់អស់ហើយ។ ទើបតែឆ្នាំនេះ ជួបបញ្ហាលក់មិនបានដូចឆ្នាំកន្លងទៅទេ»។
ក្រុមអ្នករកស៊ីចិញ្ចឹមត្រី ដែលកំពុងប្រឈមការខាតបង់ធ្ងន់ធ្ងរព្រោះគ្មានទីផ្សារនេះ បានអះអាងមូលហេតុដូចគ្នាថា ការដែលធ្វើឲ្យត្រីរបស់ពួកគាត់គ្មានទីផ្សារដូចបណ្តាឆ្នាំកន្លងទៅ ដោយសារមានការនាំចូលត្រីពីប្រទេសវៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលមកក្នុង ប្រទេសកម្ពុជា។ ក្នុងនោះមានត្រីខ្លះលួចនាំចូលតាមច្រករបៀងដោយមិនមានបង់ពន្ធឲ្យបានត្រឹមត្រូវថែមទៀតផង។
លោក ហ្វាង សុខលី ដែលមានត្រីចិញ្ចឹមប្រមាណជា ១០០តោន និងបានប្រកបរបរចិញ្ចឹមត្រីប្រា ៥ឆ្នាំមកហើយនោះ បានឲ្យដឹងដូច្នេះ «មូលហេតុដោយសារត្រីប្រទេសជិតខាងគេនាំចូលមកតម្លៃធូរថ្លៃជាងយើង។ អ៊ីចឹងម៉ូយខ្លះគេសុខចិត្តចាប់ត្រីនៅក្រៅស្រុក ហើយត្រីក្នុងស្រុកគេចាប់តិច ធ្វើឲ្យត្រីក្នុងស្រុកចាល់ទៅៗ។ គេថោកជាងយើងខ្ទង់២០០រៀល ទៅ២៥០រៀល។ ឈ្មួញអ្នកចាប់ត្រីគេនិយាយថា អានាំចូលបង់ពន្ធតិចតួច អានាំចូលគេពន្ធវាច្រើន។ គេថាត្រីក្នុងស្រុកយើងរៀងថ្លៃ អ៊ីចឹងត្រីគេចពន្ធគេនាំចូលមកស្របច្បាប់១ភាគ អាមិនស្របច្បាប់២ភាគអ៊ីចឹងទៅ។ បើនៅតែមានបញ្ហាដូចឆ្នាំអ្នកចិញ្ចឹមត្រីនៅស្រុកខ្មែរដួលទាំងអស់»។
ក្រុមអ្នករកស៊ីចិញ្ចឹមត្រីនៅក្នុងភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ក៏បានបង្ហាញពីមូលហេតុនាំឲ្យឈ្មួញចូលចិត្តនាំត្រីពីវៀតណាម មកចូលទីផ្សារកម្ពុជាផងដែរ។ មូលហេតុទាំងនោះ មានដូចជា ក្រុមឈ្មួញភាគច្រើនជាជនជាតិវៀតណាម មួយវិញទៀត ដោយសារត្រីរបស់វៀតណាម មានតម្លៃថោកជាងត្រីចិញ្ចឹមនៅកម្ពុជា។ ថោកនេះ ដោយសារការចំណាយទុនចិញ្ចឹមដូចជាចំណីត្រីរបស់វៀតណាមធូរថ្លៃ ហើយវៀតណាមមានបច្ចេកទេសចិញ្ចឹមបានលឿនជាងអ្នកចិញ្ចឹមត្រីខ្មែរ។
បើតាមក្រុមអ្នកចិញ្ចឹមត្រី វៀតណាមចិញ្ចឹមត្រឹមតែ ៦-៨ខែប៉ុណ្ណោះ អាចចាប់លក់បាន តែការចិញ្ចឹមនៅខ្មែរត្រូវចំណាយពេលរហូតដល់ជាង ១០ខែ។
លោក អេង ជាសាន អគ្គនាយកជលផល បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជាគោលការណ៍ខាងជលផលតែងតែព្យាយាម ទប់ស្កាត់ការនាំចូលត្រីពីប្រទេសជិតខាង ព្រោះមិនចង់សម្លាប់ការចិញ្ចឹមត្រីនៅក្នុងស្រុកខ្មែរ។ តែលោក អេង ជាសាន ក៏មិនហ៊ានធានា ថា មានឈ្មួញលួចនាំចូលតាមច្រករបៀង ឬអត់នោះទេ ព្រោះការគ្រប់គ្រងច្រកមិនមែនជាសមត្ថកិច្ចរបស់ជលផលនោះឡើយ។
ដោយឡែករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានទទួលស្គាល់ថា បច្ចុប្បន្នមានការលួចនាំចូលត្រីច្រើនពីប្រទេសវៀតណាម ហើយលោកក៏កំពុងរិះរកនូវយន្តទប់ស្កាត់ការលួចនាំចូលនេះផងដែរ។
បន្ថែមពីលើនេះជារៀងរាល់យប់កន្លែងដែលចែកចាយត្រីធំៗក្នុងរាជធានីភ្នំពេញ ក៏គេសង្កេតឃើញមានរថយន្តដឹកត្រីធំៗដឹកត្រីយកមកចែកចាយផងដែរ។ បើតាមក្រុមអ្នករកស៊ីចែកចាយនោះ បានអះអាងថា ត្រីភាគច្រើននាំចូលមកពីប្រទេសវៀតណាម។
ក្រុមអ្នករកស៊ីចិញ្ចឹមត្រី បានលើកឡើងថា ការលក់ត្រីមិនចេញនេះ នឹងធ្វើឲ្យពួកគាត់ខាតបង់កាន់តែច្រើន ដូចជារយៈពេលផ្តល់ចំណីត្រី កាន់តែយូរ ហើយបើត្រីកាន់តែធំ ក៏មិនសូវមានទីផ្សារផងដែរ។ អ្វីដែលកាន់តែធ្ងន់ធ្ងរនោះ គឺពួកគាត់ត្រូវបង់ការប្រាក់ជូនធនាគារកាន់តែ ច្រើនទៀត ព្រោះដើមទុន ដែលពួកគាត់យកមករកស៊ីចិញ្ចឹមត្រីនោះភាគច្រើនខ្ចីពីធនាគារ។
ជាចុងក្រោយក្រុមអ្នករកស៊ីចិញ្ចឹមត្រី បានទទូចឲ្យរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធជួយដាក់ចេញវិធានការទប់ស្កាត់ការនាំចូលត្រីមកពីប្រទេសវៀតណាមឲ្យបានខ្ពស់ ដើម្បីផ្តល់ទីផ្សារ នៃការចិញ្ចឹមត្រីនៅក្នុងស្រុកឲ្យបានកាន់តែទូលាយ។ បើបណ្តោយឲ្យមានការនាំចូល បែបនេះទៀត ក្រុមអ្នករកស៊ីចិញ្ចឹមត្រីនេះ នឹងត្រូវបោះបង់អាជីព។
អ្នកស្រី ហុង ចាន់ថន បានទទូចថា «សំណូមពរដល់ថ្នាក់ដឹកនាំខាងលើ កុំឲ្យនាំចូលមកច្រើនហួសកំណត់ពេកអ៊ីចឹង ដើម្បីឲ្យអ្នកចិញ្ចឹមក្នុងស្រុកប្រមូលផលឲ្យទាន់។ ដល់ពេលយើងបានលក់ហើយ បែរជាលក់អត់ដាច់ទៅវិញធ្វើឲ្យលំបាកដល់ប្រជាពលរដ្ឋ»។
មិនខុសពីអ្នកស្រី ហុង ចាន់ថន លោក ឆន ប្រុស ក៏បានទទូចស្រដៀងគ្នាផងដែរ «សូមឲ្យក្រសួងកសិកម្ម ឬក្រសួងពាក់ព័ន្ធជួយពួកយើងខ្ញុំ ព្រោះពួកយើងខ្ញុំកំពុងមានបញ្ហាផលិតបានហើយរកទីផ្សារអត់បាន។ ហើយសុំឲ្យប្រជាពលរដ្ឋខ្មែរគាំទ្រត្រីខ្មែរ ត្រីដែលខ្ញុំចិញ្ចឹមនេះ គ្មានជាតិគីមី គ្មានស្អីទាំងអស់ ជួយគាំទ្រត្រីចិញ្ចឹមខ្មែរ ដើម្បីលើកទឹកចិត្តយើងខ្ញុំឲ្យប្រឹងប្រែងចិញ្ចឹមថែមទៀត»៕
ត្រីប្រាងាប់អណ្តែតក្នុងស្រះព្រោះការប្រែប្រួលអាកាសធាតុញឹកញាប់
សកម្មភាពចែកចាយត្រីនៅកន្លែងចែកចាយត្រីធំមួយក្នុងខណ្ឌព្រែកព្នៅ