(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ បានប្រកាសជំរុញដល់កម្លាំងនគរបាលការពារបេតិកភ័ណទាំងអស់ ត្រូវបង្កើនការការពារសម្បត្តិបេតិកភ័ណរបស់ជាតិ ឲ្យបានខ្ជាប់ខ្ជូនបំផុត និងត្រូវយកចិត្តទុកដាក់បំពេញរាល់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ឲ្យ។
ការប្រកាសយ៉ាងមុតមាំនេះ ត្រូវបានធ្វើឡើងជួបប្រជុំជាមួយ មន្រ្តីអង្គភាពនគរបាលការពារបេតិកភ័ណ ដែលប្រចាំនៅតំបន់ប្រាសាទអង្គរ នៅស្នងការនគរបាលការពារបេតិកភ័ណក្រុងសៀមរាប នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ ដើម្បីក្តាប់ពីសភាពការណ៍ទូទៅ និងដាក់ចេញវិធានការជំនាញអនុវត្តន៍បន្ត ដោយមានការអមដំណើរពី លោកឧត្តមសេនីយ៍ត្រី លី ឡាយ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភ័ណ។
ឧត្តមសេនីយ៍ត្រី លី ឡាយ បានថ្លែងកោតសរសើរ ចំពោះស្នាដៃរបស់មន្រ្តីនគរបាលកាពារបេតិកភ័ណទាំងអស់ ពិសេសមន្រ្តីនគរបាល ប្រចាំនៅតំបន់ប្រាសាទអង្គវត្ត ដែលបានខិតខំរួមសហការគ្នា ការពារបានយ៉ាងរឹងមាំ នូវសម្បតិ្តវប្បធម៌ជាតិ ដែលជាកេរ្តិ៍មរតកខ្មែរ តាំងពីបុរាណកាល ដែលកាយវិការទាំងអស់នេះ ស្តែងចេញឲ្យឃើញពីការរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរុងរឿងថែមទៀត។
ក្នុងនាមតំណាងឲ្យ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សួស អង្គារ៍ ក៏បានជំរុញដល់គ្រប់កម្លាំងនគរបាលការពារបេតិកភ័ណទាំងអស់ «ត្រូវសហការគ្នាឲ្យបានជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ប្រភេទ ត្រូវរក្សា និងការពារខឿនសម្បត្តិវប្បធម៌របស់ប្រទេសជាតិ ឲ្យនៅឋិតថេរយូរអង្វែង»។
នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានបន្តថា ក្នុងនាមជាមន្រ្តីបង្គោល និងជាមន្រ្តីអ្នកអនុវត្តច្បាប់ «ត្រូវមានអាកប្បកិរិយាសុភាពរាបសារ តែម៉ឺងម៉ាត់ គោរព និងអនុវត្តន៍ឲ្យបានក្រមសីលធម៌ ជានគរបាលជាតិ គោរពការចាត់តាំង មានសាមគ្គីភាពផ្ទៃក្នុងល្អ ពិសេសត្រូវមានទំនួលខុសត្រូវខ្ពស់ ចំពោះភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ឲ្យ»។
នាយឧត្តមសេនីយ៍ ក៏បានលើកឡើងទៀតថា ប្រភពនៃសម្បត្តិបេតិកភ័ណរបស់កម្ពុជា គឺជាប្រភពសេដ្ឋកិច្ច ឧហ្សាហកម្មគ្មានផ្សែង ដែលជាប្រភពនៃចំណូល ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនា និងស្គាល់កាន់តែច្បាស់ ពីអរិយធម៌ដ៏ផូរផង់របស់កម្ពុជា ដូច្នេះកម្លាំងនគរបាលទាំងអស់ ត្រូវរួមសហការគ្នា ការពារឲ្យបានគង់វង្ស នូវទ្រព្យសម្បតិ្តបេតិកភ័ណរបស់កម្ពុជា ដើម្បីការអភិវឌ្ឍ និងភាពរីកចម្រើនតទៅមុខទៀត។
នាយឧត្តមសេនីយ៍ ក៏បានជំរុញដល់មន្រ្តីនគរបាលការពារបេតិកភ័ណ នៅតំបន់ប្រាសាទបន្ទាយឆ្មារទាំងអស់ «ត្រូវខិតខំអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន ឲ្យបានខ្លាំងក្លាបន្ថែមទៀត ត្រូវគោរព និងអនុវត្តន៍ឲ្យបានក្រមសីលធម៌ ជានគរបាលជាតិ មានសាមគ្គីភាពផ្ទៃក្នុងល្អ និងអនុវត្តន៍ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ឲ្យ ឲ្យទទួលបានជោគជ័យ»។
នាយឧត្តមសេនីយ៍ ក៏បានដោះស្រាយនូវសំណូមពរមួយចំនួន របស់ប្រធានអង្គភាព ដែលបានលើកឡើង ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន របស់នាយឧត្តមសេនីយ៍ នេត សាវឿន សម្រាប់ទុកប្រើប្រាស់ និងចាត់ចែងដោះស្រាយនៅក្នុងអង្គភាព៕