(ភ្នំពេញ)៖ លោកតា សួន សាន ម្ចាស់ពានរង្វាន់ចាប៉ីដងវែងជ័យលាភីលេខ២ ប្រចាំប្រទេសកម្ពុជា នាឆ្នាំ២០០២ បច្ចុប្បន្នកំពុងធ្លាក់ខ្លួនក្រខ្សត់ ត្រូវបានទទួលអំណោយមនុស្សធម៌ជាលើកទី ២ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តាមរយៈ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ។
លោកតា សួន សាន អាយុ ៦៨ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលស្ថិតក្នុងផ្លូវប៉េតុង ក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ពានរង្វាន់ជ័យលាភីលេខ២ ផ្នែកចាប៉ីដងវែង ប្រចាំប្រទេសកម្ពុជា នាឆ្នាំ២០០២ ដែលលោកតាអាចច្រៀងបញ្ចេញសំនៀងវោហារ លាយឡំនឹងការដេញចាប៉ីដងវែងរបស់ខ្លួនបានយ៉ាងពិរោះរណ្តំបំផុត។ លោកតា បានធ្លាក់ខ្លួនឈឺដើរពុំរួចអំឡុងឆ្នាំ២០១៤ បន្ទាប់ពីមកច្រៀងចាប៉ីនៅប្រទេសចិន បានជាងមួយខែ ដែលបានធ្វើឱ្យជីវភាពរបស់គ្រួសារលោកតា ចុះដុនដាបជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។
សូមបញ្ជាក់ផងដែរថា លោកតាត្រូវបានការជួយឧបត្ថម្ភប្រចាំខែ ១០០ដុល្លារអាមេរិក ពីសមាគមខ្មែរអមតៈ និងថវិកាចំនួន១,០០០ដុល្លារ សម្រាប់ព្យាបាលជំងឺ ប៉ុន្តែបានចំណាយអស់ហើយ។
សម្រាប់ អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា សម្រាប់ជួយសម្រាលការលំបាកជូនគ្រួសារលោកតានៅពេលនេះ រួមមាន៖ អង្ករ១០០គីឡូក្រាម មី៥កេស ត្រីខ ៥០កំប៉ុង អាហារវីតាមីន២កេសធំ មុង២ ភួយ២ សារុង២ ក្រមា២ និងថវិកាចំនួន១០លានរៀល៕