(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានចេញសេចក្តីបំភ្លឺមួយ នៅព្រលប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ ដោយសម្តែងការសោកស្តាយចំពោះរបាយការណ៍អង្គការណាសា ដែលប្រើប្រាស់ទិន្នន័យរបស់សាកលវិទ្យាល័យចំនួន២ ផ្សព្វផ្សាយថា ព្រៃឈើនៅកម្ពុជាកំពុងបាត់បង់។
ក្រសួងបានចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មាននេះ បានបង្កឱ្យមានការបន្ទរ និងបកស្រាយខុសពីសំណាក់បណ្តាញសារព័ត៌មានមួយចំនួន អំពី «អត្រាកំណើនមធ្យមប្រចាំឆ្នាំនៃការបាត់បង់គម្របព្រៃឈើ» ថាជា «អត្រាបាត់បង់គម្របព្រៃឈើមធ្យមប្រចាំឆ្នាំ» នៅកម្ពុជាដែលនាំឱ្យសាធារណៈមតិមាន ការភាន់ច្រឡំ។
ក្រសួងបរិស្ថានបានអះអាងថា ទិន្នន័យ១៤.៤% ដែលបង្ហាញដោយអង្គការណាសាខាងលើនេះ គឺបង្ហាញអំពីអត្រាកំណើនមធ្យមប្រចាំឆ្នាំនៃការបាត់បង់គម្របព្រៃឈើ ដែលមិនមែនជាអត្រាបាត់បង់គម្រប់ព្រៃឈើមធ្យមប្រចាំឆ្នាំពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៤នោះទេ។
ក្រសួងបញ្ជាក់ថា តាមការសិក្សាលើទិន្នន័យដដែលនេះ នៅក្នុងក្រាហ្វិក « Cambodia’s Tree Cover Loss Correlates with Global Rubber Prices» បានបង្ហាញឱ្យឃើញថា ការបាត់បង់គម្របព្រៃឈើនៅកម្ពុជាមានការថយចុះចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤។ ការថយចុះមកវិញនូវអត្រាបាត់បង់គម្របព្រៃឈើនេះ ក៏បង្ហាញអំពីប្រសិទ្ធភាពនៃការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកម្មវិធីកំណែទម្រង់ និងវិធានការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ។
ខាងក្រោមនេះ ជាសេចក្តីបំភ្លឺរបស់ក្រសួងបរិស្ថាន៖