(ភ្នំពេញ)៖ សាស្រ្ដាចារ្យសេដ្ឋកិច្ច នៅតាមសាកលវិទ្យាល័យនានា នៅក្នុងរាជធានីភ្នំពេញ សុទ្ធតែយល់ឃើញពីគុណតម្លៃ និងសារៈសំខាន់ នៃការចូលរួមរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក្នុងវេទិការសេដ្ឋកិច្ចពិភពលោក ដែលនឹងត្រូវរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១៧ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅប្រទេសស្វីស។
សាស្រ្ដាចារ្យបណ្ឌិត វិទ្យាសាស្រ្ដសេដ្ឋកិច្ច នៃវិទ្យាស្ថានខ្មែរសម្រាប់ សហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិភាព លោក ចាប សុថារិទ្ធិ បានលើកឡើងថា ការចូលរួមក្នុងវេទិកា សេដ្ឋកិច្ចពិភពលោករបស់កម្ពុជាំ គឺជាកិត្តិយសធំមួយ បើទោះជាកម្ពុជាជាប្រទេសតូចមួយ ប៉ុន្ដែអាចចូលរួមយ៉ាងស្មើមុខស្មើមាត់ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ជាមួយបណ្ដាមេដឹកនាំកំពូលៗ របស់ពិភពលោក ដែលវេទិកាធំៗយ៉ាងដូច្នេះ សម្តេចនាយករដ្ឋមន្ដ្រីកម្ពុជា ចាប់អារម្មណ៍ជាទីបំផុត។
លោកសាស្រ្ដចារ្យ បានលើកឡើងទៀតថា ផលប្រយោជន៍សំខាន់ទី១ ដែលកម្ពុជាបានពីវេទិកាសេដ្ឋកិច្ចពិភពលោក គឺផលប្រយោជន៍នយោបាយ បានសេចក្ដីថា កម្ពុជាអាចបង្ហាញមុខមាត់ លើឆាកអន្ដរជាតិ ឲ្យបរទេសទទួលស្គាល់ និងបានឃើញថា ប្រទេសកម្ពុជាកាន់តែល្បី។ នៅពេលដែលចូលរួមក្នុងវេទិកា ជាធម្មតា តែងតែបានជួបជាមួយមេដឹកនាំធំៗ របស់ពិភពលោក ក៏ដូចជាមហាអំណាចនានា ដើម្បីផ្លាស់ប្ដូរទៅវិញទៅមក នៅមតិយោលបល់ពាក់ព័ន្ធស្ថានការណ៍ នយោបាយ។
ផលប្រយោជន៍ទី២ ត្រូវបាន លោកសាស្រ្ដាចារ្យ ចាប សុថារិទ្ធិ លើកឡើងថា គឺជាផលចំណេញខាងសេដ្ឋកិច្ច មានទាំងចំណេញដោយប្រយោល និងដោយផ្ទាល់។ លោកថា ការអញ្ជើញចូលរួមរបស់សម្ដេចតេជោ ហ៊ុន សែន ច្បាស់ណាស់នឹងក្លាយជាវាគ្មិន នៅក្នុងអង្គវេទិកា ដែលអាចបង្ហាញនៅការទាក់ទាញវិនិយោគិន បង្ហាញពីសក្ដានុពលភាព និងការរីកចំរើនរបស់ប្រទេសកម្ពុជា ដោយលើកទឹកចិត្តឲ្យអ្នកវិនិយោគ មកធ្វើការវិនិយោគនៅប្រទេសកម្ពុជា និងក៏ជាឱកាសបង្ហាញពិភពលោកថា កម្ពុជាជាប្រទេសមានការរីកចំរើន មានស្ថិរភាព ដោយរក្សាបាននូវកំណើនសេដ្ឋកិច្ច ជាមធ្យម៧ភាគរយ រយៈពេល២០ឆ្នាំកន្លងមកនេះ។
ចំណែកឯគុណប្រយោជន៍ទី៣ គឺបង្ហាញប្រាប់ពិភពលោកថា កម្ពុជាជាគោលដៅទេសចរណ៍ដ៏ល្អបំផុតមួយ របស់ពិភពលោក និងមួយទៀត គឺអាចចំណេញជាលក្ខណៈវប្បធម៌ ប្រវត្តិសាស្រ្ដ ដើម្បីឲ្យបរទេសបានដឹង បានស្គាល់ ពីប្រវត្តិរបស់ប្រទេសកម្ពុជា ដែលងើបចេញពីសង្គ្រាម សម្រាប់ជាឧទាហរណ៍ ឲ្យប្រទេសដទៃធ្វើជាគំរូ។
ដោយឡែកលោកសាស្រ្ដាចារ្យ ផ្នែកសេដ្ឋកិច្ច នៃសកលវិទ្យាល័យកម្ពុជា តេង ដឺលុច បានលើកឡើងស្រដៀងគ្នានឹង លោកសាស្រ្ដាចារ្យ ចាប សុថារិទ្ធិ ដែរ ដោយលោកបានឲ្យដឹងថា ការចូលរួមក្នុងវេទិកាសេដ្ឋកិច្ច របស់ប្រមុខរាជរដ្ឋភិបាលកម្ពុជា គឺជាវេទិកាដ៏មានតម្លៃ និងមានសារៈសំខាន់យ៉ាងខ្លាំង ដែលជាឱកាស របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមបង្ហាញពីសក្ដានុពល ចក្ខុវិស័យ របស់ខ្លួនក្នុងការកសាងប្រទេស ក៏ដូចជាការបង្ហាញ ទៅកាន់ពិភពលោក ដែលមានក្រុមហ៊ុនពាណិជ្ជកម្មធំៗ និងមេដឹកនាំពិភពលោក ដែលចូលរួម ដែលជាឱកាសល្អ ដើម្បីកសាងបណ្ដាញ និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ក្នុងវេទិកានោះ។
លោកសាស្រ្ដាចារ្យ បានលើកឡើងទៀតថា «យើងសង្ឃឹមថា ការចូលរួមក្នុងវេទិកាសេដ្ឋកិច្ចធំៗ របស់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័ននានា នឹងទាក់ទាញបានបណ្ដាអ្នកវិនិយោគធំៗ និងកសាងទំនុកចិត្តរបស់ដៃគូពាណិជ្ជកម្ម មកកម្ពុជាកាន់តែច្រើនឡើងថែមទៀត»។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ២០១៧ ក្រោមប្រធានបទ «ការរៀបចំប្រព័ន្ធពិភពលោក ប្រឈមមុខនៃភាពមិនច្បាស់លាស់ នៃនយោបាយ និងសេដ្ឋកិច្ច» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-២០ ខែមករា ឆ្នាំ២០១៧ នៅប្រទេសស្វីស។
បើតាមក្រសួងការបរទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងឆ្លៀតប្រើប្រាស់ពេលវេលា និងឱកាសដែលសម្តេចចូលរួមក្នុងវេទិកា ពិភពលោក ក្នុងឆ្នាំ២០១៧ ដែលប្រព្រឹត្តនៅទីក្រុងដារ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស ផ្សព្វផ្សាយពីប្រទេសកម្ពុជា ក្នុងកម្មវិធីពិសេសមួយ ដែលមានចំណងជើងថា «កម្ពុជា ផ្កាយកំពុងរះរបស់អាស៊ាន»។
ក្រសួងការបរទេសបានឲ្យដឹងទៀតថា ក្នុងឱកាសនោះកម្ពុជាក៏នឹងបង្ហាញវិដេអូខ្លីមួយ ស្តីពីការរៀបចំរបស់កម្ពុជា វេទិកាសេដ្ឋកិច្ច ពិភពលោក ស្តីពីអាស៊ាន ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០១៧នេះ។
គណៈប្រតិភូរបស់កម្ពុជា ដែលអមដំណើរសម្តេចតេជោ រួមមាន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន, លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសមាជិករាជរដ្ឋាភិបាលមួយចំនួនទៀត៕