(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា បុគ្គលមួយចំនួន ដែលបានតាំងខ្លួនជាអ្នកវិភាគ ហើយវាយប្រហារលើ រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ប៉ុន្មានថ្ងៃនេះ គឺជាយុទ្ធនាការឃោសនាប្រឆាំងតែប៉ុណ្ណោះ។
ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពីមានបុគ្គលមួយចំនួន បានតាំងខ្លួនវិភាគ ដើម្បីវាយប្រហារទៅលើរាជរដ្ឋាភិបាល។ ក្នុងបទវិភាគនេះបានសរសេរថា ការចាប់ខ្លួនអង្គការសង្គមស៊ីវិល និង ឃាតកម្មលើ លោក កែម ឡី បានធ្វើឱ្យប៉ះពាល់ប្រជាប្រិយភាពរាជរដ្ឋាភិបាល និងគណបក្សប្រជាជន ហើយផ្តល់អំណោយផលដល់គណបក្សប្រឆាំង។
លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទសូមជម្រាបជូនសារជាថ្មីម្តងទៀតថា ជនជាប់ចោទ និងជនជាប់ទោស ដែលជាផលប្រយោជន៍ នៃដំណើរការយុត្តិធម៌របស់តុលាការ គឺឈរលើមូលដ្ឋានពិតប្រាកដដែលមានអង្គហេតុ និងអង្គច្បាប់ ជាគោលក្នុងការសម្រេចសេចក្តី។ គ្មានអ្នកនយោបាយ ឬមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ស្ថិតនៅក្នុងពន្ធនាគារនោះទេ គឺមានតែបុគ្គលដែលតុលាការរកឃើញនិងយល់ថាបានប្រព្រឹត្តិបទល្មើសតែប៉ុណ្ណោះ»។
លោក ផៃ ស៊ីផាន បានបន្ថែមទៀតថា «រីឯអ្នកដែលតែងតែតាំងខ្លួនជាអ្នកវិភាគ ដែលបានលើកឡើងថា ឃាតកម្មរបស់លោក កែម ឡី ក៏បានធ្វើឲ្យបះពាល់ ដល់ប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាលទ្ធផល នៃការបោះឆ្នោតនៅពេលខាងមុខ។ ចំពោះការលើកឡើងនេះគឺមានទិដ្ឋភាពចំនួនពីរ៖ * ទិដ្ឋភាពទី១៖ គណបក្សប្រជាជនកម្ពុជា គឺប្រាកដណាស់មិនមានបំណង ឬប៉ុនប៉ងបំផ្លាញប្រជាប្រិយភាព ក៏ដូចជាលទ្ធផលនៃការបោះឆ្នោតនោះទេ គឺប្រាកដមានតែក្រុមណាមួយ ដែលទទួលបានផលប្រយោជន៍ពីអំពីឃាតកម្មដ៏ឃោរឃៅនិងកំសាកនេះ។ គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ក៏បានថ្កោលទោស និងប្តេជ្ញាស្វែងរកជន ឬក្រុមនៅពីក្រោយខ្នងក្នុងឃាតកម្មនេះ។ *ទិដ្ឋភាពទី២៖ ការលើកឡើងរបស់អ្នកតាំងខ្លួន ជាអ្នកវិភាគនេះ ក៏អាចចាត់ទុកថា ជាការចាប់ផ្តើមយុទ្ធនាការឃោសនាប្រឆាំង នឹងរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជាផងដែរ»។
ជាមួយនឹងការឆ្លើយតបចំពោះបទវិភាគខាងលើនេះ លោក ផៃ ស៊ីផាន ក៏បានរិះគន់ចំពោះរបាយការណ៍របស់អង្គការបរទេសមួយចំនួន ដែលវាយប្រហារកម្ពុជានោះ ថាមាននិន្នាការឧទ្ទាម (Human Right Watch)។ លោកថ្លែងថា «ចំពោះរបាយការណ៌ របស់អង្គការបរទេស ដែលមាននិន្នាការឧទ្ទាមធ្លាប់មានការពិសោធន៍ បំផ្លាញប្រជាជាតិមួយចំនួន នៅមជ្ឈឹមបូព៌ា ដែលបានបង្កឲ្យមានការបះបោរ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ រហូតក្លាយជាបដិវត្តន៍ពណ៌ ដែលបានធ្វើឲ្យប្រជាពលរដ្ឋនៃប្រជាជាតិទាំងនោះ ទទួលរងនូវសោកនាដកម្ម ដែលជាបទពិសោធន៍អន្តរជាតិ»។
ដោយឡែកចំពោះការជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ឯណោះវិញ លោក ផៃ ស៊ីផាន បានលើកឡើងថា «ចំពោះការបោះឆ្នោតឃុំ-សង្កាត់គឺជាការបោះឆ្នោត ជ្រើសរើសបុគ្គលដែលមានថ្វីដៃ ក្នុងការបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ដែលសមត្ថភាព និងប្រសិទ្ធិភាពរបស់មន្ត្រីមូលដ្ឋានរបស់ គណបក្សប្រជាជនកម្ពុជា គឺជាតំណាងផលប្រយោជន៍ និងសមិទ្ធផលមូលដ្ឋានសុទ្ធសាធ ខុសប្លែកពីគណបក្សដទៃទៀត ដែលគ្មានសមត្ថភាពកសាង សូម្បីតែបង្គន់អនាម័យមួយក៏គ្មានដែរ។ អ្វីដែលគណបក្សទាំងអស់នោះមាន គឺការជេរផ្កាប់មុខ ការញុះញង់បំបែករាស្ត្រ ក្នុងការចូលរួមអភិវឌ្ឍក្នុងភូមិ ឃុំ ឬមូលដ្ឋានរបស់ខ្លួន រួមទាំងសុវត្ថិភាពរបស់ប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានេះដែរ ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះសមាជិកគណបក្សប្រជាជនកម្ពុជា ក៏ដូចជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ ក្នុងការប្តេជ្ញាបន្តចូលរួមក្នុងការកសាងស្មាដៃ និងអភិវឌ្ឍភូមិ ឃុំ ឬមូលដ្ឋានរបស់ខ្លួនបន្តទៅមុខទៀត»៕