(ភ្នំពេញ)៖ តំណាងក្លឹបបាល់ទាត់បឹងកេតអង្គរ របស់កម្ពុជា និងក្លឹប Fujieda MYFC របស់ប្រទេសជប៉ុន បានព្រម ព្រៀងចុះកិច្ចសន្យារយៈពេល ១ឆ្នាំជាលក្ខណៈខ្ចីជើង ដើម្បីផ្ទេរកីឡាករខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា ទៅលេងនៅទឹកដីជប៉ុន ដោយមិនព្រមទម្លាយពីតម្លៃខ្លួនឡើយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយកាលពីរសៀលថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមពីសាម៉ីខ្លួន ចាន់ វឌ្ឍនាកា និងឪពុករបស់គេផងនោះ តំណាងក្លឹបទាំងពីរខាងលើមិនបានប្រាប់ពី តម្លៃពលកម្មដែលកីឡាករជំនាញជើងឆ្វេង កម្ពស់ ១,៧៣ម៉ែត្រ ចាន់ វឌ្ឍនាកា ក៏ដូចជាភាគីខាងក្លឹបបឹងកេតដែលមាន មូលដ្ឋាននៅខេត្តកំពង់ចាមទទួលបាននោះទេ ដោយគ្រាន់តែបង្ហើបប្រាប់ពីកិច្ចសន្យាខ្ចីជើងរយៈពេលខ្លី ១ឆ្នាំប៉ុណ្ណោះ។
ដូច្នេះ បញ្ហាតម្លៃខ្លួន ក៏ដូចជាប្រាក់ពលកម្មដែលជា Idol របស់អ្នកគាំទ្រកម្ពុជាគ្រប់រូប «បន្តស្ថិតក្នុងភាពអាថ៌កំបាំងដដែល» ព្រោះជារឿងដ៏ស្រួចស្រាលបំផុត ដែលគួរឲ្យចង់ដឹង ត្បិតកម្ពុជា ទើបតែបំបែកប្រវត្តិសាស្រ្ត ដែលមានកីឡាករទៅលេងនៅប្រទេសដែលរីកចំរើនខាងវិស័យបាល់ទាត់មួយនេះ។
តែបើកក្រឡេកទៅមើលការដោះដូរកីឡាករនៅលើពិភពលោក ជាពិសេសនៅតំបន់អឺរ៉ុប បើគេមិនបង្ហើបប្រាប់ពីតម្លៃនៃ ការផ្ទេរ ឬខ្ចីជើងនោះ យ៉ាងហោចណាស់ ក៏គេប្រាប់ពីប្រាក់កម្រៃប្រចាំសប្តាហ៍ ឬខែដែរ ព្រោះនេះជារឿងធម្មតាទៅ ហើយសម្រាប់កីឡាករគ្រប់រូប ទៅតាមជំនាញ និងសមត្ថភាពផ្ទាល់ដែលគេធ្វើបាននៅលើទីលាន ក៏ដូចជាស៊ុតបញ្ចូលទី ជាដើមនោះ។
សូមរំលឹកផងដែរថា កីឡាករវ័យទើបតែ ២២ឆ្នាំ មកពីខេត្តកំពត ចាន់ វឌ្ឍនាកា បានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺឡើង ចាប់តាំងពីឆ្នាំ២០១០ និងបានចូលលេងក្នុងក្រុមជម្រើសជាតិឈុតតូច U-19 និង U-23 រហូតដល់ក្រុមជម្រើសជាតិ គោព្រៃនាពេលបច្ចុប្បន្ន ដែលបានជួយឲ្យជម្រើសជាតិកម្ពុជាឡើងដល់ជុំទី២ នៃវគ្គជម្រុះ World Cup 2018 និងវគ្គចែកពូលជុំផ្តាច់ព្រ័ត្រនៃពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 ដែលទើបបញ្ចប់ទៅថ្មីៗនេះ និងធ្វើក្លឹបនៅ អាស៊ី ជាពិសេសក្លឹបមកពីប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី និងជប៉ុនចង់បាន ដើម្បីយកទៅពង្រឹងក្លឹបរបស់គេ។
ចាប់ពីថ្ងៃនេះតទៅ កីឡាករជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា បានក្លាយជាកីឡាករបរទេសតែម្នាក់គត់នៃក្លឹបលេង ក្នុងលីគលំដាប់ទី៣ របស់ជប៉ុន Japan-J League 3 និងជាកីឡាករលេងក្នុងតំណែងខ្សែប្រយុទ្ធទី៦ ក្នុងចំណោម កីឡាករសរុប ២៨នាក់របស់ក្លឹបអាជីព Fujieda MYFC៕