(ភ្នំពេញ)៖ ក្នុងរយៈពេលប្រមាណ ១០ឆ្នាំនេះ មជ្ឈមណ្ឌលកិច្ចប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានបណ្ដុះបណ្ដាលសិក្ខាកាមចំនួន២០,០០០នាក់ លើផ្នែកសហគ្រិនភាពសម្រាប់អ្នកជំនួញវ័យក្មេង និងការគ្រប់គ្រងបែបជប៉ុន។ នេះបើតាមការលើកឡើងរបស់ លោក បាន តូស៊ីត្យូ ទីប្រឹក្សាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្នុងសន្និសីទកាសែតលើកទី១ ស្ដីពីកិច្ចសហប្រតិបត្តិការរបស់ JICA លើគម្រោងនៅ CJCC នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧។
លោក បាន តូស៊ីត្យូ បានថ្លែងថា វគ្គសិក្សាសហគ្រិនភាពសម្រាប់អ្នកជំនួញវ័យក្មេង និងការគ្រប់គ្រងតាមបែបជប៉ុននេះ ធ្វើយ៉ាងណាបង្កើតនូវវប្បធម៌សម្រាប់ស្ថាប័ន ឬក្រុមហ៊ុន និងបង្កើតឲ្យមានប្រព័ន្ធអនុញ្ញាតិឲ្យបុគ្គលិកអាចអភិវឌ្ឍន៍សមត្ថភាព ក្លាយជាអនាគតអ្នកដឹកនាំថ្នាក់កណ្ដាល និងកំពូល។ លោកថា តាមរយៈការអនុវត្តទ្រឹស្ដីនៃការគ្រប់គ្រងតាមបែបជប៉ុន អាចនឹងធានាបាននូវអនាគតអ្នកដឹកនាំ ដែលជាធនធានមនុស្សដែលអាចជួយដល់ការអភិវឌ្ឍជំនួញ ឲ្យកាន់តែមានភាពប្រសើរឡើង។
លោក បាន តូស៊ីត្យូ បញ្ជាក់ថា «ប្រទេសដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដូចជាប្រទេសកម្ពុជា យើងជឿជាក់ថាក្រុមហ៊ុន ឬស្ថាប័ន អាចបង្កើត ក៏ដូចជាជម្រុញឲ្យមានអ្នកដឹកនាំវ័យក្មេងជាច្រើនថែមទៀត តាមរយៈការសិក្សារៀនសូត្រនូវការគ្រប់គ្រងតាមបែបជប៉ុននេះ»។
ជាមួយគ្នានោះដែរ លោកបានឲ្យដឹងថា ថ្មីៗនេះ JICA និងក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមគោលដៅថ្មីមួយទៀត ដល់CJCC ក្នុងគោលបំណងដើម្បីបង្កើត និងប្រើប្រាស់ឱកាសនៃការធ្វើជំនួញដោយផ្អែកលើការសហការដ័យូរអង្វែង រវាងជប៉ុន-កម្បុជា ហើយJICA ក៏ដូចជា CJCC បានផ្ដួចផ្ដើមគំនិតបង្កើត «សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI)» ក្នុងឆ្នាំ២០១៥។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៤ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយប្រើប្រាស់មូលនិធិជប៉ុនដែលហៅកាត់ថា ODA។ គោលបំណងរបស់ CJCC គឺរួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជនកម្ពុជា តាមរយៈការអភិវឌ្ឍភាពជាអ្នកដឹកនាំ អ្នកជំនួញកម្ពុជា ដោយបង្កើនការបន្ដរឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន៕