(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាល​ព្រហ្មទណ្ឌកំរិត​ស្រាលរាជធានី​ភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីបានធ្វើសកម្មភាពលួចបើកទ្វារយកសម្ភារៈក្នុងរថយន្ត នៅចំណុចផ្ទះជនសង្ស័យស្ថិតនៅផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹង​មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ ។

មន្ត្រីនគរបាលរាជធានី​ភ្នំពេញបានឲ្យដឹងថា ជនសង្ស័យ២នាក់ខាងលើនេះ បានធ្វើកម្មភាពលួចបើកទ្វាររថយន្តយកសម្ភារមួយចំនួនរួមមាន ប្រាក់ផោនចំនួន១,៣០០ផោន ,អាយផេតម៉ាកអេបផល ពណ៌សចំនួន១, លិខិតឆ្លងដែនមួយក្បាល និងឯកសារមួយចំនួនទៀត នៅចំណុចមុខផ្ទះលេខ២១២ ផ្លូវលេខ ២១៧ ក្រុម៥២ ភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1AN-0803។

មន្ត្រីនគរបាលបានបន្ថែមទៀតថា ជនសង្ស័យទី១-ឈ្មោះ ជ័យ វណ្ណះ ហៅហ៊ីង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ, ទី២-ឈ្មោះ តាំង សៀកហេង ហៅហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ រត់ម៉ូតូឌុប និងដកហូតសម្ភារប្រគល់ឲ្យជនរងគ្រោះវិញ ៕