អ្នកបើករថយន្តសាំយ៉ុង ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បុករថយន្តកុងតឺន័រដឹកដំឡូង ស្លាប់៥នាក់ និងរបួស៧នាក់ នៅស្រុកពារាំង ត្រូវតុលាការសម្រេចឃុំខ្លួន
13-01-2017 18:37
(ព្រៃវែង)៖ អ្នកបើកបររថយន្ដសាំយ៉ុង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បើកបុកជាមួយរថយន្តកុងតឺន័រដឹកដំឡូង នៅស្រុកពារាំង ខេត្តព្រៃវែង បណ្ដាលឲ្យជនរងគ្រោះស្លាប់៥នាក់ និងរបួស៧នាក់នោះ ត្រូវលោក សុខ កល្យាណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង សម្រេចឃុំខ្លួននៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន ដែលអង្គភាព Fresh News ទទួលបានបានបញ្ជាក់ថា ជនបង្កឈ្មោះ ឡន ចាវ អាយុ២២ឆ្នាំ ត្រូវដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ពីបទ «បើកបរដោយធ្វេសប្រហែស» តាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសាំយ៉ុងដឹកអ្នកដំណើរ បុកជាមួយរថយន្ត កុងតឺន័រដឹកដំឡូង បណ្តាលឲ្យស្លាប់៥នាក់ និងរបួស៧នាក់ នៅតាមផ្លូវជាតិលេខ៨ ស្រុកពារាំង ហើយគ្រោះថ្នាក់នេះ កើតឡើងដោយអ្នកបើករថយន្តសាំងយ៉ុង ជែងគេ ហើយជ្រុលទៅបុករថយន្តកុងតឺន័រតែម្តង៕