(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីចុងឆ្នាំ២០១៦កន្លងទៅនេះ បានបើកយុទ្ធនាការចុះសំណេះសំណាលតាមបណ្តាខេត្ត ដោយជួបមន្រ្តីរាជការ ប្រជាពលរដ្ឋ ជាពិសេស សិស្សានុសិស្ស និងយុវជននានា។ អំឡុងយុទ្ធនាការនេះមានយុវជនជាច្រើន បានសម្តែង ភាពស្និទ្ធស្នាលជាមួយសម្តេច ហើយទទួលស្វាគមន៍សម្តេចតេជោ ដោយស្នាមញញឹមគ្រប់ៗគ្នា។
នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ហេតុអ្វីបានជាយុវជនគោរពស្រឡាញ់ សម្តេចតេជោខ្លាំងម៉្លេះ? គ្រប់សាលារៀនដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅ គឺក្មួយៗ ចៅៗពិតជាចង់ឃើញ ចង់ជួប ចង់ឱប និងចង់ Selfie ជាមួយ សម្តេចតេជោ ខ្លាំងណាស់! ហេតុផល មួយចំនួន…ព្រោះតាំងពីពួកគេ ដឹងក្តីមក គឺឃើញតែសម្តេចតេជោ ជាអ្នកដឹកនាំអភិវឌ្ឍន៍ប្រទេសទាំងមូលឲ្យរីក ចម្រើនមកទល់សព្វថ្ងៃ។ ជាពិសេសពេលប្រទេសទើបរំដោះហើយ អត់មាន សាលារៀន គឺមានតែ សម្តេចតេជោ ជាអ្នកសាងសង់សាលាអោយយុវជនបានចូលរៀន»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «នៅពេលសាលាចាស់ទ្រុឌទ្រោមក៏មានមុខ សម្តេចតេជោ មកជួសជុលអោយ ហើយនៅពេលខ្វះអាគារសិក្សា ខ្វះផ្ទះគ្រូ…ក៏ សម្តេចតេជោ ទៀត ។ ជាក់ស្តែង គឺគ្មានមុខអ្នកណាផ្សេងក្រៅពី សម្តេចតេជោ ឡើយដែលយកចិត្តទុកដាក់ចំពោះអនាគតយុវជន។ ដូច្នេះហើយបានជា សម្តេចតេជោ ក្លាយជា វិរៈបុរស (Hero និង Idol ) របស់យុវជន»៕