(សៀមរាប)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា នាយទាហានសកម្មជំនាន់ក្រោយនេះ ត្រូវគោរពឱ្យបាននូវ អ្វីដែលយើងបានធ្វើសច្ចាប្រណិធាន ប្តេជាចិត្ត នៅចំពោះមុខប្រជាពលរដ្ឋរបស់យើង ចំពោះមុខដូនតារបស់យើងនៅទីនេះ គឺការប្តេជ្ញាចិត្ត ស្មោះត្រង់ ចំពោះជាតិមាតុភូមិ ចំពោះរាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសការពារទឹកដីរបស់យើង ការពារសុខសន្តិភាព ស្ថេរភាពជូនដល់ប្រជាពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងខណៈលោក បានចូលរួមនៅក្នុងកម្មវិធីសច្ចាប្រណិធានរបស់ និស្សិតនាយ ទាហាន សកម្មជំនាន់ទី១៧ ជាច្រើនរយនាក់ នៅទឹកដីខេត្តសៀមរាប នៅមុខទីលានអង្គរវត្ត នាថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧នេះ។
លោក ហ៊ុន ម៉ាណែតថា ការសច្ចាប្រណិធានរបស់និស្សិតនាយទាហានសកម្មជំនាន់ទី១៧ ធ្វើឡើងនៅមុខ ទីលានអង្គរវត្ត ជាកន្លែងល្អបំផុតសម្រាប់ធ្វើការសច្ចាប្រណិធានព្រោះទីនេះ គឺតំណាងឱ្យអរិយធម៌របស់ខ្មែរដ៍ខ្លាំងក្នុងតំណាក់កាលខ្មែររុងរឿងបំផុតនៅសម័យនោះ ហើយនេះក៏បង្ហាញពីមោទនភាពក្នុងនាមជាកូនខ្មែរនូវអ្វីដែលបុព្វបុរសយើងបានកសាង។ ក្នុងនោះវាបានបង្ហាញឱ្យចាប់អារម្មណ៍ពីភារកិច្ច និងការចូលរួមចំណែករបស់កងទ័ពនាសម័យនោះដែលជាឆ្អឹងខ្នងរបស់មហានគរ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមថា «នាយទាហានសកម្មនាសម័យនេះមិនខុសពីនាយទាហាន នៃកងយោធពលខេមរភូមិន្ទគ្រប់ជំនាន់នោះទេ គឺយើងមានកាតព្វកិច្ចបន្តនូវភារកិច្ចរបស់កងទ័ពខ្មែរយើងនៅសម័យបុរាណ ខុសតែអាយុ ខុសតែសម័យកាល ប៉ុន្តែភារកិច្ច និងកតព្វកិច្ចរបស់យើងមិនខុសពីអ្វីដែល បុព្វបុរសខ្មែរយើងបន្សល់ទុកឱ្យនោះទេ គឺការពារ ការពារទឹកដី ការពារសុខសន្តិភាពស្ថេរភាព សន្តិសុខជូនដល់ប្រជាពលរដ្ឋរបស់យើង។ នេះហើយគឺជាអ្វីដែលជា ភារកិច្ចរបស់នាយទាហានជំនាន់ក្រោយ ដែលបន្តវេណពីនាហានជំនាន់មុនរបស់យើង។ ពេលនេះបុព្វបុរសរបស់យើង កងទ័ពពីសម័យមុន កំពុងតែមើលឃើញថា នាយទាហានជំនាន់ក្រោយរបស់យើងបានប្តេជ្ញាចិត្ត ទាំងក្តីញញឹមនិងក្តីសង្ឃឹមថា បូរណភាពទឹកដី សុខសន្តិភាពជាតិ សន្តិសុខរបស់ប្រជាជន ស្ថេរភាពសង្គម គឺនៅក្នុងដៃ របស់យើងហើយ ដែលយើងអាចធ្វើឱ្យប្រទេសខ្មែរយើងរងទុក្ខដោយសង្រ្គាមកន្លងមកនេះ ឥឡូវយើងបានសុខសន្តិភាព និងបន្តកាន់តែរឹងមាំឲ្យ ដូចនូវអ្វីបុព្វបុរសបានបន្សល់ទុកឱ្យ»៕