(ភ្នំពេញ)៖ ពលករ-ពលការិនីខ្មែរ ចំនួន៤នាក់ នៅប្រទេសម៉ាឡេស៊ី និងស្រ្តីខ្មែរម្នាក់ដែលរងគ្រោះនៅប្រទេសចិន នឹងត្រូវបានស្ថានទូតខ្មែរ បញ្ជូនឱ្យត្រឡប់មកស្រុកកំណើតវិញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ស្អែកនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ។
សេចក្ដីប្រកាសបានឲ្យដឹងថា ពលករ-ពលការិនីខ្មែរ ដែលនឹងត្រូវបញ្ជូនពីប្រទេសម៉ាឡេស៊ីនេះ មានចំនួន៤នាក់ រួមមាន៖ ១៖ពលការិនី ឈ.ច អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ, ២៖ពលការិនី ធ.ច អាយុ២៩ឆ្នាំ នៅខេត្តត្បូងឃ្មុំ, ៣៖ពលករ ជ.ក.ស អាយុ២៩ឆ្នាំ នៅខេត្តត្បូងឃ្មុំ និង៤៖ពលករ ឆ.ច អាយុ២៤ឆ្នាំ នៅខេត្តពោធិ៍សាត់។ ពលករ-ពលការិនីទាំង៤នាក់នេះ បានទៅធ្វើការនៅម៉ាឡេស៊ី ខុសច្បាប់ដោយខ្លួនឯង នៅរោងចក្រផលិតតុ ទូ និងគ្រឿងសង្ហារឹមកាលពីឆ្នាំ២០១៥។ ដោយចង់ត្រឡប់មកកម្ពុជាវិញ អ្នកទាំង៤ បានទៅស្ថានទូតកម្ពុជាប្រចាំនៅទីនោះ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ដើម្បីស្នើឲ្យជួយរៀបចំមាតុភូមិនិវត្តន៍ មកស្រុកកំណើតវិញ។ ពលករ-ពលការិនីទាំង៤នាក់នេះ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៧៖៥០នាទីព្រឹក តាមជើងយន្តហោះ AK536។
សេចក្ដីបានបន្តថា ករណីទី២.ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានរៀបចំមាតុភូមិនិវត្តន៍ស្រ្តីខ្មែរម្នាក់ ឈ្មោះ ឃ.ស.ម អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅស្រុកបាភ្នំ ខេត្តព្រៃវែង ដែលត្រូវបានមេខ្យល់នាំចូលប្រទេសចិន ឆ្លងកាត់តាមប្រទេសវៀតណាម ដើម្បីទៅរៀបការ ជាមួយបុរស ជនជាតិចិន ក្នុងខេត្តជាំងស៊ី ដោយពុំមានចុះលិខិតអាពាហ៍ពិពាហ៍។ ដោយរស់នៅមិនចុះសម្រុងជាមួយប្តី នាងបានស្នើអន្តរាគមន៍ពីស្ថានអគ្គកុងស៊ុល នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ដើម្បីរៀបចំមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ហើយនាងនឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៣៖៤៥នាទី ទៀបភ្លឺ តាមជើងយន្តហោះK6867៕