(ភ្នំពេញ)៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានទទួលជួបប្រតិភូវិទ្យាស្ថានមាត្រាសាស្ត្រជាតិ នៃប្រទេសអាល្លឺម៉ង់ ដឹកនាំដោយលោក Uwe Miener ( PTB, Head of Working Group Asia) នាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នេះដើម្បីស្វែងយល់ពីហេដ្ឋារចនាសម្ព័ន្ធ គុណភាព (QI) ក្នុងប្រទេសកម្ពុជា ដោយប្រមូលទិន្នន័យ និងសេចក្តីត្រូវការរបស់កម្ពុជា ពិតប្រាកដ ដើម្បីចងក្រងឲ្យទៅជាដំណើរការគម្រោងទ្វេភាគី រវាងកម្ពុជា និងអាល្លឺម៉ង់ ស្តីពីការងារហេដ្ឋារចនាសម្ព័ន្ធ គុណភាពដែលក្នុងនោះ ផ្តោតលើសសរស្តម្ភទាំងបី គឺ ការងារវាយតម្លៃទទួលស្គាល់ ការងារមាត្រាសាស្ត្រ និងការងារស្តង់ដារូបនីយកម្ម។
ទោះជាយ៉ាងណា លោក Uwe Miener ជាប្រធានគណៈប្រតិភូ និងសហការី បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃវិស័យទាំងបី ខាងលើរបស់កម្ពុជា។ ក្នុងនោះដែរ លោកប្រធានប្រតិភូ បានផ្តល់សារៈសំខាន់ទៅលើភាព រីកចម្រើននៃវិស័យខាងលើនេះ ទាក់ទងទៅនឹងការរៀបចំរចនាសម្ព័ន្ធគុណភាព កិច្ចសហការប្រទាក់ក្រឡាគ្នា ព្រមទាំងស្ថានភាពសេដ្ឋកិច្ច នៃប្រទេសនោះផងដែរ ។
លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងការស្វាគម៍ និងចាត់ទុកដំណើរបេសកកម្ម ស្វែងយល់របស់ប្រតិភូ PTB នឹងទទួលបានព័ត៌មាន និងធាតុចូលជាច្រើន ដើម្បីជាមូលដ្ឋានអនុវត្តគម្រោង ទ្វេភាគីបានជោគជ័យ ដើម្បីធ្វើឲ្យវិស័យនេះមានភាពរីកចម្រើន មានការទទួលស្គាល់ទូលំទូលាយ និងទាញបានទំនុកចិត្តខ្ពស់ពីអតិថិជន សម្រាប់ឲ្យការបម្រើផលប្រយោជន៍ជាតិ ។ ជាមួយគ្នានេះ ការរៀបចំសិក្ខាសាលា នៅថ្ងៃទី ១៦ ខែ មករា ខាងមុខ លោកទេសរដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមបើក ហើយសង្ឃឹមថា សិក្ខាសាលានេះ នឹងទទួលបានជោគជ័យ និងលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ៕