(ភ្នំពេញ)៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០១៦នេះ យានយន្តដែលបានចុះបញ្ជីនៅក្នុងរាជធានីភ្នំពេញមានជាង ២លានគ្រឿង ក្នុងនោះរថយន្តមានជាង ៤៤ម៉ឺនគ្រឿង និងទោចក្រយានយន្តមានជាង ១.៦លានគ្រឿង។
តាមរយៈរបាយការណ៍ដាក់ជូនលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ លោក សាំ ពិសិដ្ឋ បានឲ្យដឹងថា ក្នុងចំណោមរថយន្ត ៤៤២,៩៧២គ្រឿង មានរថយន្តឯកជន ៤២៣,៩៥៨គ្រឿង រថយន្តរាជការ ១១,៥៦១គ្រឿង រថយន្តអង្គការអន្តរជាតិ ៧,៤៥៣គ្រឿង។
ដោយឡែកក្នុងចំណោមទោចក្រយានយន្ត ១,៦០១,៤៥១គ្រឿង មានទោចក្រយានយន្តឯកជន (មន្ទីរ) ១,៥១៤,០១៨ គ្រឿង ទោចក្រយានយន្តឯកជន (១២ខណ្ឌ) ៦០,៥៥៦គ្រឿង ទោចក្រយានយន្តរាជការ ១៧,៣៣៣គ្រឿង ទោចក្រយានយន្តអង្គការអន្តរជាតិ ៨,៨៨៧គ្រឿង និង CD ៦៥៧គ្រឿង។
បើតាមលោក សាំ ពិសិដ្ឋ ទិន្នន័យយានយន្តទាំងនេះ មិនទាន់រាប់បញ្ចូលចំនួនរថយន្ត និងទោចក្រយានយន្ត ដែលមិនចុះបញ្ជី ដូចជា ខម និង នប នោះទេ៕