(ភ្នំពេញ)៖ រដ្ឋាភិបាលស្វីស បានសម្រេចប្រគល់ថវិកា ៣.៥លានដុល្លារអាមេរិក ដើម្បីគាំទ្រសកម្មភាពបោសសំអាតមីននៅកម្ពុជា។ ពិធីចុះហត្ថលេខាប្រគល់ និងទទួលបានត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី សេរី កុសាល អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា។
អាជ្ញាធរមីនកម្ពុជា បានឲ្យដឹងថា ថវិកានេះសម្រាប់គាំទ្រសកម្មភាពបោសសម្អាតមីននៅកម្ពុជាដំណាក់កាលទី៣ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ជាពិសេសក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និង ខេត្តប៉ៃលិន។
លោកទេសរដ្ឋមន្រ្តី សេរី កុសាល បានឲ្យដឹងថា ថវិកាទាំងនេះ នឹងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបានលទ្ធផលសកម្មភាពមីនជាអតិបរមា លើការអភិវឌ្ឍធនធានមនុស្ស សម្រាប់សហគមន៍ក្រីក្រ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន តាមរយៈគម្រោងបោសសម្អាតមីន។
លោកទេសរដ្ឋមន្រ្តី ក៏បានឲ្យដឹងដែរថា អាជ្ញាធរមីនបានទទួលថវិកាពីប្រទេសស្វីសចំនួន ៧.២៤លានដុល្លារអាមេរិកមកហើយ សម្រាប់សកម្មភាពបោសសម្អាតមីន ចាប់ពីឆ្នាំ២០១៣ ដល់២០១៩ ដែលត្រូវបានគ្រប់គ្រងដោយអង្គការ UNDP ប្រចាំនៅកម្ពុជា ហើយគម្រោងនេះ មិនមែនគាំទ្រតែការរំដោះផ្ទៃដី ដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការរៀបចំយុទ្ធសាស្ត្រ គោលនយោបាយនានា និងការបង្កើតប្រព័ន្ធត្រួតពិនិត្យសកម្មភាព ដែលភ្ជាប់សកម្មភាពមីន ទៅនឹងការអភិវឌ្ឍធនធានមនុស្សផងដែ។
លោកស្រី Rahel Boesch នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) បានបញ្ជាក់ថា ប្រទេសស្វីសយល់ឃើញថា គោលដៅក្នុងការធ្វើឲ្យកម្ពុជាក្លាយជាប្រទេសគ្មានមីន ត្រឹមឆ្នាំ២០២៥ ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍប្រទេសប្រកបដោយថាមពល។ ការគាំទ្ររបស់ស្វីសដល់វិស័យសកម្មភាពមីន គឺស្របតាមកម្មវិធីប្រចាំប្រទេសរបស់ SDC ដើម្បីធានានូវការប្រើប្រាស់ដី ប្រកបដោយសុវត្ថិភាព ដែលជាធាតុសំខាន់មួយ សម្រាប់ពង្រឹងសកម្មភាពកសិកម្ម និងធ្វើឲ្យប្រសើរឡើង នូវជីវភាពរបស់កសិករក្រីក្រតាមជនបទ។
ជាមួយគ្នានេះ លោក Nick Beresford នាយកអង្គការ UNDP ប្រចាំនៅកម្ពុជា ក៏បានលើកឡើងដែរថា អង្គការរបស់លោកជឿជាក់ថា គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៣ និងសកម្មភាពមីនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស (២០១៦-២០១៩) នឹងធ្វើឲ្យមានការផ្លាស់ប្តូរបន្ថែមទៀត ដល់ការរស់នៅតាមសហគមន៍ ក្នុងខេត្តដែលរងផលប៉ះពាល់ខ្លាំងបំផុត ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ែលិន។
បើតាមលោកទេសរដ្ឋមន្រ្តី សេរី កុសល ក្នុងចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ មីនប្រឆាំងមនុស្សចំនួន ២០,២៤០គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៣២៥គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២៤,៥៥០បំណែក ត្រូវបានកម្ទេចចោល និងផ្ទៃដីអាទិភាព ១០៩លានម៉ែត្រក្រឡា ត្រូវបានបោសសម្អាត សម្រាប់ធ្វើកសិកម្ម តាំងទីលំនៅ និងការកសាងរចនាសម្ព័ន្ធ៕