(ពោធិ៍សាត់)៖ កម្លាំងចម្រុះរួមមាន ជំនាញរដ្ឋបាលព្រៃឈើ កម្លាំងនគរបាលស្រុក កម្លាំងមូលដ្ឋានអាវុធហត្ថស្រុក កម្លាំងទាហាន សរុបប្រមាណ២៣នាក់ ដឹកនាំដោយ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមការបញ្ជាផ្ទាល់ពីលោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ បានចុះបង្ក្រាបទីតាំង អាជីវកម្មកាត់អុសម៉ែត្រនៅស្រុកក្រគរ ដែលគ្មានច្បាប់អនុញ្ញាត៤ទីតាំងផ្សេងគ្នា រឹបអូសបានអុសម៉ែត្រចំនួន១,២២១.៧៨ស្ទែរ ស្មើនឹង៨០៤.៣៦ម៉ែត្រគូប។

ប្រតិបត្តិការបង្ក្រាបនេះប្រព្រឹត្តទៅនៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិមួយចំនួន នៃឃុំក្បាលត្រាច ឃុំអន្លង់ត្នោត និងឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។

មន្ត្រីនគរបាលម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះថា ទីតាំងអាជីវកម្មកាត់អុសម៉ែត្រ ដែលគ្មាន​ច្បាប់​អនុញាតិទាំង ០៤កន្លែងផ្សេងគ្នានោះ រួមមាន៖ ទីតាំង១-ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ម្ចាស់អាជីវកម្ម ឈ្មោះ ង៉ោ ឡាងហួង ភេទស្រី អាយុ៣៨ឆ្នាំ រឹបអូសបានអុសម៉ែត្រ១៩.៥០ស្ទែរ ស្មើនឹង១២.៨៧ម៉ែត្រគូប, ឈ្មោះ សំ សារ៉េត ភេទស្រី អាយុ៥២ឆ្នាំ រឹបអូសបានអុសម៉ែត្រ ២៣០.៩០ស្ទែរ ស្មើនឹង១៥០.៣៩ម៉ែត្រគូប និងឈ្មោះ ទូច ណូយ ភេទស្រី អាយុ៤៨ឆ្នាំ រឹបអូសបានអុសម៉ែត្រ ១៦៥.០៨ស្ទែរ ស្មើនឹង ១០៨.៩៥ម៉ែត្រគូប។ ទីតាំង២-ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ម្ចាស់អាជីវកម្ម ឈ្មោះ សូ សុខុម ភេទស្រី អាយុ៤៧ឆ្នាំ រឹបអូសបានអុសម៉ែត្រ ២១.០០ស្ទែរ ស្មើនឹង ១៣.៨៦ម៉ែត្រគូប។ ទីតាំង៣-​ស្ថិតក្នុងភូមិ​ខ្លាក្រពើរ ឃុំអន្លង់ត្នោត ស្រុកក្រគរ ម្ចាស់អាជីវកម្ម ឈ្មោះ វ៉ាន់ យ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ រឹបអូសបានអុសម៉ែត្រ៣១.៨០ស្ទែរ ស្នើនឹង២០.៩៨ម៉ែត្រគូប និងទីតាំង៤- ស្ថិតក្នុងភូមិទួលអណ្ដែត ឃុំស្វាយស ស្រុកក្រគរ ម្ចាស់អាជីវកម្មគេចខ្លួនបាត់ រឹបអូសបានអុសម៉ែត្រ ៧៥៣.៥០ស្ទែរ ៤៩៧.៣១ម៉ែត្រគូប៕