(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ បានចុះសម្របសម្រួល និងដោះស្រាយបញ្ចប់ទំនាស់កេរ្តិ៍ដីធ្លី ដែលកើតមានដ៏រ៉ាំរ៉ៃជាង៧ឆ្នាំរវាងភាគី សុខ សាត ជាអតីតប្តី និងភាគី សុង សៀកលី ជាអតីតប្រពន្ធ ទៅតាមសំណូមពរ។
ក្នុងកិច្ចដោះស្រាយទំនាស់កេរ្តិ៍ដីធ្លីខាងលើនេះ ត្រូវបានធ្វើឡើងនៅសាលាឃុំត្រពាំងជង ដែលស្ថិតក្នុងភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ អាជ្ញាធរស្រុក ឃុំ និងភាគីដែលពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ម៉ៅ ធនិន បានប្រាប់ភាគីពាក់ព័ន្ធទាំងអស់ថា ដើម្បីដោះស្រាយបញ្ចប់ទំនាស់កេរ្តិ៍ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាព ដោយគ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា ស្របតាមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា តម្រូវឲ្យភាគីទាំងសងខាង បើកចិត្តឲ្យទូលាយ និយាយដោយភាពស្មោះត្រង់ត្រឹមត្រូវ ហើយត្រូវសម្បទានគ្នាទៅវិញទៅមក។ តែបើនៅតែបន្តជម្លោះ គឺគ្មានអ្វីដែលនៅសេសសល់នោះទេ វាអស់ទាំងថវិកា និងពេលវេលា តែបើយល់ព្រមតាមការសម្របសម្រួល និងស្រុះស្រួលគ្នាហើយនោះ លោកនឹងបញ្ចប់ទំនាស់នេះ ចាប់ពីពេលនេះតទៅ ដើម្បីឲ្យកូនៗមានអនាគតល្អផងដែរ។
លោកអភិបាលខេត្តបានលើកឡើងថា «លុយ និងទ្រព្យសម្បត្តិ យើងអាចរកមកពេលណាក៏បាន គ្រាន់តែយូរហើយនិងឆាប់ ក៏ប៉ុន្តែចំណងមិត្តភាពរវាងជីតា និងចៅៗ, រវាងម្តាយ និងកូន, រវាងឪពុក និងកូន គឺមានជារៀងរហូត មិនអាចកាត់ដាច់បានទេ»។ លោកបានបញ្ជាក់ថា ចាប់តាំងពីលោកមកដឹកនាំយន្តការខេត្ត គឺបានដោះស្រាយបញ្ចប់បញ្ហាទំនាស់ដីធ្លី បានជាង១២០ករណី មកហើយ ដោយដោយ «គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា»។
សម្រាប់យន្តការដោះស្រាយដ៏មានប្រសិទ្ធភាព និងជឿជាក់បំផុតរបស់លោក ម៉ៅ ធនិន បានធ្វើឲ្យភាគីទាំងសងខាងយល់ព្រម និងពេញចិត្តទទួលព្រមទាំង បានដកពាក្យបណ្តឹងពីតុលាការវិញ ដើម្បីបញ្ចប់ទំនាស់នេះ ចាប់ពីពេលនេះតទៅ។ ដោយភាគី សុខ សាត ជាអតីតប្តី និងភាគី សុង សៀកលី ជាអតីតប្រពន្ធ បានយល់ព្រមប្រគល់ដីកេរ្តិ៍ ពីឪពុកមាទំហំ ១៦x៤០ម៉ែត្រ និងដីសំណាបទំហំ ១៥x២០ម៉ែត្រ ឲ្យទៅកូនៗទាំង៤នាក់ ក៏ប៉ុន្តែខាងភាគីអតីតប្តី «ស្នើសុំខ្ចីដីទំហំ ៨x២០ម៉ែត្រ និងផ្ទះបច្ចុប្បន្ន សម្រាប់រស់នៅបណ្តោះអាសន្ន រងចាំរៀបចំផ្តល់ដីសម្បទានសង្គមកិច្ចជូន»។
ភាគីទំនាស់ និងសាក្សីនៅទីនោះ ក៏បានសម្តែងនូវក្តីសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃរបស់ លោកអភិបាលខេត្ត ដែលមានចំណាត់ការដោះស្រាយទំនាស់ដីធ្លី ដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕