(ភ្នំពេញ)៖ ច្បាស់ការ១០០%ហើយ! កីឡាករខ្សែប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបានក្លឹប Fujieda MYFC នៃលីគលំដាប់ទី៣ របស់ប្រទេសជប៉ុន បានចុះកិច្ចសន្យាខ្ចីជើងរយៈពេល ១ឆ្នាំជាមួយក្លឹបបឹងកេតអង្គររបស់កម្ពុជា ដើម្បីនាំយកទៅលេងនៅលើទឹកដីខ្លួន។ នេះគឺជាប្រវត្តិសាស្ដ្រដ៏អស្ចារ្យមួយ ក្នុងវិស័យកីឡាបាល់ទាត់កម្ពុជា ពិសេសគឺ វឌ្ឍនាកា ផ្ទាល់តែម្ដង ដែលបានក្លាយជាកីឡាករកម្ពុជាម្នាក់គត់ បានទៅលេងក្នុងប្រទេសឈរនៅចំណាត់ថ្នាក់លេខ១ ប្រចាំទ្វីបអាស៊ីផ្នែកកីឡាដ៏មានប្រជាប្រិយភាពមួយនេះ។
នៅសណ្ឋាគារភ្នំពេញនារសៀលថ្ងៃទី១៣ ខែមករានេះ ក្លឹបបឹងកេតអង្គរ ដែលមានមូលដ្ឋានស្ថិតនៅខេត្តកំពង់ចាមរបស់កម្ពុជា និងក្លឹប Fujieda បានព្រមព្រៀងលើកិច្ចសន្យាផ្ទេរកីឡាករ វ័យទើបតែ២២ឆ្នាំ ចាន់ វឌ្ឍនាកា ក្នុងតម្លៃខ្លួនបិទជិត ខណៈសមាជិកលីគលំដាប់ទី៣ របស់ជប៉ុន ដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខរៀងទី៧ នៃរដូវកាលឆ្នាំ២០១៦កន្លងទៅ ក្នុងចំណោម១៦ក្រុម។
ការឈានដល់ការនាំយកកីឡាករដែលលេងក្នុងតំណែងប្រយុទ្ធ ចាន់ វឌ្ឍនាកា ទៅលេងនៅជប៉ុន គឺដោយសារការពេញចិត្តពីថ្នាក់ដឹកនាំក្លឹប Fujieda បន្ទាប់ពីបានទស្សនាការបង្ហាញសមត្ថភាពរបស់កីឡាករជំនាញជើងឆ្វេងរូបនេះ អំឡុងពេលទស្សនកិច្ច និងហ្វឹកហាត់អស់រយៈពេល ១សប្ដាហ៍ជាមួយក្លឹបកាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ ហើយក្រោយមកក៏មានព័ត៌មានជាបន្ដបន្ទាប់ថា ក្លឹប Fujieda ចង់បាន វឌ្ឍនាកា តែឥឡូវគឺសម្រេចដូចបំណងមែន។
សូមបញ្ជាក់ថា ម្ចាស់ស្បែកជើងមាស ២សម័យកាលក្នុងលីគកំពូលកម្ពុជា និងស្បែកជើងមាសក្នុងពានរង្វាន់ Hun Sen-Cup ឆ្នាំ២០១៣ ចាន់ វឌ្ឍនាកា ជាអតីតកីឡាករយុវជនរបស់ក្លឹបព្រះខ័នរាជស្វាយរៀង ក្នុងឆ្នាំ២០១០ និងត្រូវបានកោះហៅឲ្យចូលលេងក្នុងឈុតធំនារដូវកាលឆ្នាំ២០១១-២០១២ ដោយស៊ុតបញ្ចូលទីបាន១០គ្រាប់ ពីការចូលលេងបាន១៧ប្រកួត មុនត្រូវបានលក់ទៅឲ្យក្លឹបក្នុងស្រុកដូចគ្នា បឹងកេតអង្គរនៅចុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ ដោយចូលលេងបាន៩០ប្រកួត និងស៊ុតបញ្ចូលទីបាន១១៦គ្រាប់។
សម្រាប់ក្នុងក្រុមជម្រើសជាតិគោព្រៃកម្ពុជាវិញ កីឡាករដែលអាចលេងបានទាំងតំបន់បម្រើ និងប្រយុទ្ធ កម្ពស់ ១.៧៣ម៉ែត្រ វឌ្ឍនាកា បានចូលលេងសរុប ៥៦ប្រកួត និងស៊ុតបញ្ចូលទីបាន ២៨គ្រាប់ទាំងក្នុងឈុតតូចយុវជន U-19, U-23 និងក្នុងឈុតធំនាពេលបច្ចុប្បន្ន៕