(ព្រះសីហនុ)៖ តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ លោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្ដាលសណ្តាប់ធ្នាប់សាធារណៈ បានដឹកនាំកម្លាំងនគរបាល ដាក់ពង្រាយតាមផ្លូវជាតិលេខ៤ ដើម្បីពង្រឹងការគោរពច្បាប់ និងពង្រឹងសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះលោកស្នងការរង បានណែនាំឲ្យកម្លាំងនគរបាលខាងលើ ត្រូវអប់រំណែនាំ និងពន្យល់បន្តឲ្យបានត្រឹមត្រូវ និងហ្មតចត់ អំពីច្បាប់ចរាចរណ៍ផ្លូវគោក សណ្ដាប់ធ្នាប់សាធារណៈ និងបញ្ហានានាដែលកើតឡើងពីការមិនគោរពច្បាប់ ដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវ ដើម្បីបញ្ជៀសគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។
លោកវរសេនីយ៍ឯក អ៊ី សុខា បានឲ្យដឹងថា កម្លាំងនគរបាលចម្រុះខាងលើ រួមមាន កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ចំនួន១៨នាក់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំនួន៧នាក់ ដែលក្នុងនោះក៏បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគ្រប់ប្រភេទ រកអ្នកបើកបរមានជាតិស្រវឹង និងមិនពាក់មួកសុវត្ថិភាព នៅលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរចំណារ ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកវរសេនីយ៍ឯក អ៊ី សុខា ក៏បានអំពាវនាវជារឿយៗដល់ឲ្យប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដងផ្លូវទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវ អ្នកជិះម៉ូតូត្រូវពាក់មួកសុវត្ថភាពឲ្យបានត្រឹមត្រូវ អ្នកបើករថយន្តត្រូវដាក់ខ្សែក្រវ៉ាតឲ្យបានត្រឹមត្រូវដែរ បើកបរតាមល្បឿងកំណត់ គោរពតាមស្លាកសញ្ញាចរាចរណ៍ នៅតាមដងផ្លូវ និងមានការប្រុងប្រយ័ត្នជានិច្ច ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា៕