(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ អាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំពិធីផ្លាស់ប្តូរមេបញ្ជាការរង៥រូប និងបំពាក់ឋានន្តរស័ក្តិជូននាយទាហាននៃកងរាជអាវុធហត្ថខេត្ត ស្រុកក្រុងចំនួន២៥រូប។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្ត បានសម្តែងការអបអរសាទរ ចំពោះនាយទាហាន នៃកងរាជអាវុធហត្ថ ដែលទើបបានទទួលការតែងតាំង និងបំពាក់ឋានន្តរស័ក្តិ នាពេលនេះ។
លោកមេបញ្ជាការ ក៏បានបញ្ជាក់ពីតួនាទី ឋានន្តរស័ក្តិ ដែលរាជរដ្ឋាភិបាល ព្រះមហាក្សត្រ ព្រះប្រទាន និងប្រទាននាពេលនេះ ជាទំនុកចិត្តដ៏ខ្ពង់ខ្ពស់ ចំពោះអស់លោក ជានាយទាហាន ទាំងអស់ក្នុងភារកិច្ច ការពារជាតិ សាសនា ព្រះមហាក្សត្រ។
លោកបានផ្តាំផ្ញើដល់នាយទាហាន ទាំងអស់បន្តចូលរួមអនុវត្តន៍ នយោបាយកែទម្រង់របស់រាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិសេសកំណែទម្រង់ ក្នុងកងយោធពលខេមរភូមិន្ទ មួយធានាបានទាំងគុណភាព និងបរិមាណសមស្របសម្រាប់កិច្ចការ ការពារបូរណភាពដែនដី។
លោកមេបញ្ជាការបន្ថែមទៀតថា ត្រូវបន្តធ្វើការផ្សព្វផ្សាយ បើកវេទិការសាធារណៈ ជាមួយប្រជាពលរដ្ឋ សិស្សានុសិស្ស ឲ្យបានញឹកញ៉ាប់ និងផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច ឲ្យបានទូលំទូលាយ បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងបន្តត្រួតពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋទូទាំងខេត្ត ឲ្យបានកាន់តែល្អប្រសើរទ្វេរឡើងថែមទៀត៕