(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជ អាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំមិត្តភក្ដិ ជាច្រើននាក់ ទៅសួរសុខទុក្ខមិត្តរួមជំនាន់ សាលាបាក់ទូកឆ្នាំ១៩៨៨ចំនួន ពីរនាក់ដែលកំពុងមានជំងឺប្រចាំកាយ ពិការសម្រាកនៅនឹងកន្លែង ដើម្បីជាកម្លាំងចិត្ត ដល់មិត្តភក្ដិចាស់ៗ ធ្លាប់រៀនជាមួយគ្នា ដោយក្នុងនោះក៏មានអតីតលោកគ្រូ សាលាបាក់ទូករួមដំណើរផងដែរ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ។
លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង និងប្រតិភូបានចុះសួរសុខទុក្ខលោកប្រឹង សាវី អតីតមិត្តសិស្សថ្នាក់ទី១១បេនៃ សាលាបាក់ទូកឆ្នាំ១៩៨៨ ដែលកំពុងមានជំងឺលើសឈាម និងធ្លាក់ខ្លួនពិការ សម្រាកនៅនឹងកន្លែងជាច្រើនឆ្នាំមក ហើយ។ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកឧត្តមសេនីយ៍រ័ត្ន ស្រ៊ាង បានផ្តល់ថវិកាផ្ទាល់ខ្លួនចំពោះមិត្តប្រឹង សាវីចំនួន ៥០ម៉ឺនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ហើយមិត្តភក្ដិរួមដំណើរ បានប្រមូលគ្នា ផ្តល់ថវិកាបន្ថែមបាន ចំនួន ៧០០ ដុល្លារទៀត។
លោកគ្រូគុំ ពិន អតីតគ្រូបង្រៀនគណិតវិទ្យាដ៏ល្បីនៅសាលាបាក់ទូកក៏នៅបាននាំយកថវិកាពីកូនសិស្ស ផ្សេងរបស់លោកមកជូនមិត្តប្រឹង សាវី ចំនួន១៥០ដុល្លារផងដែរ។បន្ទាប់ពីនោះមកនៅវេលាម៉ោង១១លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង និងមិត្តរួមជំនាន់បាននាំគ្នាចុះសួរសុខទុក្ខលោកអ៊ឹង ផានី អតីតមិត្តសិស្សថ្នាក់ទី១១ ដេនៃសាលា បាក់ទូកឆ្នាំ១៩៨៨ ដែលកំពុងធ្លាក់ខ្លួនពិការមួយ កំណាត់ខ្លួន បន្ទាប់ពីជួបឧប្បត្តិហេតុធ្លាក់ពី លើផ្ទះកាលពីចុងឆ្នាំ២០១៣ បណ្តាលអោយបាក់ឆ្អឹងកងក។
នៅពេលនោះលោកឧត្តមសេនីយ៍រ័ត្ន ស្រ៊ាង បានផ្តល់ថវិកាផ្ទាល់ខ្លួនចំពោះមិត្តអ៊ឹង ផានី ចំនួន៥០ម៉ឺនរៀលព្រមទាំង គ្រឿងឧបភោគបរិភោគមួយចំនួនទៀតដូចគ្នា ហើយមិត្តភក្ដិរួមដំណើរបានផ្តល់ថវិកាដល់មិត្តអ៊ឹង ផានីបានចំនួន៤៥០ដុល្លារ និង៦៨ម៉ឺនរៀលបន្ថែមទៀត។លោកគ្រូគុំ ពិន ក៏នៅបាននាំយកថវិកា ពីកូនសិស្សផ្សេង របស់លោកមកជូនមិត្តអ៊ឹង ផានីចំនួន ១៥០ដុល្លារដូចគ្នា។
គួរបញ្ជាក់ថាកាលពីថ្មីៗ កន្លងមកនេះលោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង បានប្រមូលចងក្រងមិត្តរួមជំនាន់រៀនជាមួយគ្នា នៅសាលាបាក់ទូកឆ្នាំ១៩៨៨ នៅក្នុងក្រុមមួយ តាមបណ្តាញ WhatsApp។ ការប្រមូលចងក្រងមិត្តរៀនរួមជំនាន់ព្រមទាំងលោក គ្រូអ្នកគ្រូធ្លាប់បង្រៀនមិត្តជំនាន់ ឆ្នាំ១៩៨៥-៨៨ផងដែលនេះ គឺមានគោលបំណង ប្រមែប្រមូលមិត្តធ្លាប់រៀនជាមួយគ្នាទាំអស់កាល ពីមុននោះអោយបានជុំគ្នាឡើងវិញហើយនៅពេលមិត្តណាម្នាក់មានអាសន្នអន់ក្រឬជួបទុក្ខលំបាក យើងនឹងប្រាប់គ្នា អោយដឹង ដើម្បីងាយស្រួលជួយគ្នាទៅវិញទៅមក។ សិស្សសាលាបាក់ទូក ជំនាន់់ឆ្នាំ១៩៨៨មានប្រមាណ៣០០នាក់ មានពីថ្នាក់Aដល់ថ្នាក់G ជាថ្នាក់សិស្សពូកែ គណិតវិទ្យា ប្រចាំរាជធានីដែលមានគ្រប់សមាសភាពសិស្សមកពីសាលាផ្សេងៗ៕