(ព្រះសីហនុ)៖ កម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលតាមមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បាន និងកំពុងបន្តប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀន ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ កាន់តែប្រសើរឡើង។
ជាក់ស្តែង នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ កម្លាំងនគរបាលបានចុះបង្ក្រាបករណីគ្រឿងញៀន២កន្លែង ដោយឃាត់ខ្លួនជនសង្ស័យ៤នាក់ និងដកហូតថ្នាំ១១កញ្ចប់ ព្រមទាំងសម្ភារមួយចំនួនទៀត។
មន្រ្តីនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះថា ករណីទី១-បង្ក្រាបឡើងនៅវេលាម៉ោង៨យ់ប់ស្ថិតនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់រួមមាន៖ ឈ្មោះ ថូ រ៉ាវី ភេទស្រី អាយុ៣៧ឆ្នាំ និងឈ្មោះ ស៊ុយ ទុំ ភេទស្រី អាយុ២៤ឆ្នាំ ដកហូតបានវត្ថុតាង ថ្នាំញៀនមេតំហ្វេតាមីន៨កញ្ចប់, ទូរស័ព្ទ៣គ្រឿង និងសម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួន។
ករណីទី២- នៅវេលាម៉ោង៨៖២៥នាទី បង្ក្រាបនៅក្រុមទី៣៤ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់រួមមាន៖ ឈ្មោះ ភឿក សារ៉ត់ អាយុ៤០ឆ្នាំ និងឈ្មោះ ប៊ន ស្រអែម ភេទស្រី អាយុ៣០ឆ្នាំ ដកហូតបានវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន៣កញ្ចប់ និងទូរស័ព្ទដៃ៤គ្រឿង។
ជាមួយគ្នានេះ នគរបាលខេត្តព្រះសីហនុ ក៏បានផ្សព្វផ្សាយស្តីពីការចូលរួមគាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស១លើ នៅសាលវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានសិស្សានុសិស្សចូលរួមចំនួន៧៥០នាក់ ស្រី៣៤០នាក់ លោកគ្រូ-អ្នកគ្រូចំនួន១៥នាក់ ស្រី៤នាក់ និងមានអជ្ញាធរដែនដីចូលរួមផងដែរ។
នៅថ្ងៃដដែលនេះ កម្លាំងការិ.ជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ចេញការពារតាមគោលដៅសំខាន់ៗ និងចេញល្បាតការពារសន្តិសុខ តាមទីប្រជុំជនតាមផ្សារ កន្លែងលក់មាសប្តូរប្រាក់ អាជីវកម្មវីង តំបន់ស្មុគ្រស្មាញ និងតំបន់ឆ្នេរសមុទ្រផងដែរ៕