(កោះកុង)៖ ដោយអនុវត្តទៅតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីភូមិ-ឃុំ មានសុវត្តិភាពជូនប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី១៣ ខែមករាឆ្នាំ២០១៧ លោក ចន សុខុម មេបញ្ជាការអាវុធហត្ថក្រុងខេមរភូមិន្ទ បានបង្ហាញមុខក្រុមចោរលួចម៉ូតូ២នាក់ ឪពុកនិងកូន ដែលធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ ដែលចតទុកនៅចិញ្ចើមផ្លួវ ហើយចូលទៅរកទិញទំនិញ នៃការដាក់តាំងពិរពណ៌រវាងមិត្តភាពកម្ពុជា-ថៃ កាលពីថ្ងៃទី៦ដល់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។
មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ចន សុខុម បានថ្លែងថា ជនសង្ស័យ២នាក់ឪពុកនិងកូន ទី១៖ ឈ្មោះ ទ្រី ពៅ អាយុ៥២ឆ្នាំ មានទីលំនៅឃុំកំពង់ស្វាយ ស្រុកកំពង់សា្វយ ខេត្តកំពង់ធំ និងទី២៖ ឈ្មោះ ទ្រី សុផាន់ណា អាយុ៣២ឆ្នាំ ចំណែកបក្ខពួកម្នាក់ទៀតមានឈ្មោះ ថន តេង រត់គេចខ្លួន ហើយក្រុមជនសង្ស័យនេះ បានមកជួលបន្ទប់ជួលស្នាក់នៅភូមិ៤ សង្កាត់ដងទង់ រយៈពេល២ខែមកហើយ។
លោកមេបញ្ជាការ បានបញ្ជាក់ថា ចំពោះម៉ូតូដែលជនសង្ស័យលួចបាននេះ ម៉ាកHonda Dream C125 ហើយជនសង្ស័យបានធ្វើការដោះដាក់ក្នុងកេះ ហើយយកចេញតាមរថយន្តក្រុង តែដោយម្ចាស់ក្រុមហ៊ុន មានការងើយឆ្ងល់ ក៏បានធ្វើការប្តឹងមកសមត្ថកិច្ច ទើបសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។ ក្រោយឃាត់ខ្លួនកម្លាំងអាវុធហត្ថបានបន្ដឆែកឆេរដល់បន្ទប់ជួល ដោយរកឃើញគ្រឿងសោរសម្រាប់ ធ្វើសកម្មភាព១ប្រអប់ស្លាកលេខរដ្ឋក្លែងក្លាយផងដែរ។
បច្ចុប្បន្នជនសង្ស័យ កម្លាំងអាវុធហត្ថជំនាញកំពុងកសាងសំណុំដើម្បីបញ្ជូនទៅតុលាការ ចាត់ការបន្ដ៕