(ភ្នំពេញ)៖ និស្សិតសាកលវិទ្យាល័យអន្តរជាតិ ជាច្រើននាក់ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ បាននាំគ្នាបរិច្ចាគឈាមជូន មជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ផ្តល់ជូនដល់មន្ទីរពេទ្យនានានៅទូទាំងប្រទេស ដែលកំពុងខ្វះឈាម ដើម្បីជួយសង្គ្រោះបន្ទាន់ជីវិតអ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់។
កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «សង្គ្រោះជីវិត បរិច្ចាគឈាមថ្ងៃនេះ» ចូលរួមឧបត្ថម្ភធំពីក្រុមហ៊ុនវីតាល់ ក្រោមវត្តមាន លោកព្រឹទ្ធបុរសរង សុខ វណ្ណា, លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម តំណាងនៃក្រុមហ៊ុនវីតាល់ និងនិស្សិតជាង ៤០០នាក់ផងដែរ ។
លោកព្រឹទ្ធបុរសរង សុខ វណ្ណា បានសម្តែងនូវការស្វាគន៍យ៉ាងកក់ក្តៅចំពោះ ក្រុមហ៊ុន វីតាល់ ព្រមទាំងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានចូលរួមចំណែកក្នុងការរៀបចំកម្មវិធីសប្បុរសនេះឡើង ក្នុងសាកលវិទ្យាល័យអន្តរជាតិ។ កម្មវិធីនេះមិនត្រឹមតែផ្តល់ឱកាសដល់និស្សិតគ្រប់រូប បានចូលរួមក្នុងសកម្មភាពសង្គមប៉ុណ្ណោះទេ គឺព្រមទាំងផ្តល់ឲ្យពួកគេនូវចំណេះដឹង និងអត្ថប្រយោជន៍ នៃការផ្តល់ឈាមដោយសុវត្ថិភាព ទៀតផង។ លោកសាកលវិទ្យាធិការរង ក៏បានថ្លែងបន្ថែមថា លោកនឹងបន្តគាំទ្រដល់កម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្តនេះ ឲ្យមានកាន់តែច្រើនជាបន្តបន្ទាប់ទៀតនៅថ្ងៃអនាគត។
ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោក ហុក គឹមចេង ក៏បានសម្តែងការថ្លែងអំណរគុណដល់ក្រុមហ៊ុន វីតាល់ សាកលវិទ្យាល័យអន្តរជាតិ ដែលបានសហការជាមួយមជ្ឈមណ្ឌល ដើម្បីប្រារព្ធកម្មវិធីបរិច្ចាគឈាមនេះឡើង។ លោក ហុក គឹមចេង ក៏បានជំរុញ និងអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ពិសេសក្រុមយុវជន មេត្ដាចូលរួមបរិច្ចាគឈាមមកដល់អង្គភាពរបស់លោក ដើម្បីយកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងខ្លាំង លើការជួយសង្គ្រោះជីវិតអ្នកដទៃ។ លោកថា បើសិនជាគ្មានការចូលរួមចំណែកពីសប្បុរសជនទាំងឡាយ នោះមជ្ឈមណ្ឌលក៏មិនអាចទ្រទ្រង់ និងផលិតឈាមដោយខ្លួននោះឡើយ ដូច្នេះការចូលរួមរបស់បងប្អូនពិតជាមានសារសំខាន់យ៉ាងខ្លាំង ។
លោក អ៊ុំ វណ្ណៈ មន្ត្រីទំនាក់ទំនងនៃក្រុមហ៊ុន អិន វី ស៊ី វីតាល់ បានថ្លែងថា ក្រោមកិច្ចប្រឹងប្រែងរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងតាមរយៈមូលនិធិ ២៥៛ របស់វីតាល់ បានសហការរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ ស្តីពីការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជាបន្តបន្ទាប់ នៅក្នុងរយៈពេលជាង ៥ឆ្នាំកន្លងមកនេះ នៅតាមស្ថាប័នរដ្ឋ-ឯកជន គ្រឹះស្ថានអប់រំនានា ទាំងនៅរាជធានីភ្នំពេញ ទាំងតាមបណ្តាខេត្ត ទូទាំងប្រទេស។ កម្មវិធីថ្ងៃនេះ គឺជាការបន្តអនុវត្តយ៉ាងសកម្ម និងផុសផុលនូវយុទ្ធនាការអប់រំផ្សព្វផ្សាយពីការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្រ្គោះជីវិតជនរួមជាតិរបស់យើងនៅទូទាំងប្រទេស។ លោក វណ្ណៈ សង្ឃឹមថា ពលរដ្ឋកម្ពុជា ជាពិសេសយុវវ័យ នឹងមានការយល់ដឹង ហើយចូលរួមការបរិច្ចាគឈាមឲ្យបានកាន់តែច្រើនកុះករ ។
ដើម្បីលើកទឹកចិត្តដល់ និសិត្សដែលមានចិត្តមនុស្សធម៌ ក្នុងការបរិច្ចាគឈាម ក្រុមហ៊ុនវីតាល់ បានឧបត្ថម្ភទឹកវីតាល់មួយយួរ ដែលមាន ៦ដប រួមជាមួយនឹងថង់យូរដ៏ស្រស់ស្អាតមួយបន្ថែម ទៅលើការឧបត្ថម្ភទឹកប្រើប្រាស់ ក្នុងកម្មវិធីទាំងមួល។ ក្រុមហ៊ុនទឹកពិសា វីតាល់ ពិតជាស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះការចូលរួមរបស់សិស្សនិស្សិត ក៏ដូចជាសមត្ថកិច្ច និងបុគ្គលិកស្ថាប័នរដ្ឋ និងឯកជនាទាំងឡាយ ក្នុងកម្មវិធីបរិច្ចាគឈាមដោយចិត្តសប្បុរស។ ក្រុមហ៊ុន វីតាល់ បេ្តជ្ញាថានឹងនៅតែបន្តគាំទ្រយ៉ាងពេញទំហឹង ចំពោះកម្មវិធីទាំងនេះ ដើម្បីជាសក្ខីភាព នៃការចូលរួមរបស់អតិថិជនវីតាល់ ក្នុងមូលនិធិ ២៥៛ ពីការលក់ទឹកមួយដប ៕