(ក្រចេះ)៖ រថយន្តយីឌុបដឹកសណ្តែកសៀង១គ្រឿង បានបើកកៀររថយន្តអ្នកកាសែតមួយគ្រឿងទៀត ដែលកំពុងចតលើចិញ្ចើមផ្លូវ បណ្តាលឲ្យមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ លើកំណាត់ផ្លូវជាតិ៧ ស្ថិតក្នុងភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
លោក នួន សារិន អធិការរងទទួលផែនសណ្តាប់ធ្នាប់ស្រុកសំបូរ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ នឿន ជាមន្ត្រីប៉ុស្តិ៍ឃុំសណ្តាន់ អាយុ៤៨ឆ្នាំ មានទីលំនៅរស់នៅភូមិធំ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ និងឈ្មោះ វិច្ឆិកា ជាអ្នកកាសែត។
លោកអធិការរងបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបររថយន្តយីឌុប ដឹកសណ្តែកសៀងងងុយដេកងោគមួយភាំង មិនបានប្រយ័ត្ន ក៏រេចង្កូតទៅកៀររថយន្តអ្នកកាសែត ដែលកំពុងឈប់លើចិញ្ចើមផ្លូវ ស្របទិសគ្នា បណ្តាលឲ្យខូចខាតអស់មួយចំហៀង នឹងបណ្តាលឲ្យមន្ត្រីប៉ុស្តិ៍ រងរបួសត្រង់មុខ និងបែកប្រអប់ជើងខាងឆ្វេង យ៉ាងធ្ងន់ធ្ងរ។
ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ភ្លាមៗនោះដែរ។ ចំណែកភាគីខាងរថយន្ដយីឌុប អ្នកបើកបររត់បាតមិនទាន់ស្គាល់អត្តសញ្ញាណ។
ក្រោយពីមានគ្រោះថ្នាក់កើតឡើង កម្លាំងនគរបាលស្រុកសំបូរ បានឃាត់រថយន្តយីឌុប និងរថយន្តអ្នកកាសែត យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីចាត់តាមនីតិវិធីច្បាប់។ បើតាមលោក នួន សារិន ភាគីទាំងសងខាងកំពុងសម្របសម្រួលដើម្បីបញ្ចប់៕