(ត្បូងឃ្មុំ)៖ លោក ប្រាជ្ញ ច័ន្ទ អភិបាលខេត្តត្បូងឃ្មុំ បានជំរុញដល់គ្រប់អាជ្ញាធរក្រុង/ស្រុក និងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ នូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យដូចភ្លៀងរលឹម ប្រឹងប្រែងអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ទភាពខ្ពស់ និងបើកការបង្ក្រាបសកម្មភាពដឹកជញ្ជូនឈើ ឲ្យខានតែបាន។
លើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពី អភិបាលរងខេត្ត អភិបាលក្រុង/ស្រុកទាំង៧ និងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។
លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល៦ខែ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលឡើងបន្ថែមទៀត ជាមួយគ្នានេះដែរ «អាជ្ញាធរក្រុង/ស្រុក និងសមត្ថកិច្ចជំនាញទាំងអស់ ត្រូវសហការជាមួយប្រជាពលរដ្ឋ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បង្រ្កាបគ្រឿងញៀន ឲ្យមានប្រសិទ្ធភាព»។
លោកអភិបាលខេត្តបានបន្តថា ខេត្តត្បូងឃ្មុំមិនមានព្រៃឈើ ដែលអាចធ្វើឲ្យមានបទលើ្មសកាប់ឈើខុសច្បាប់នោះទេ «មានតែករណីការដឹកជញ្ជូនឈើខុសច្បាប់ ឆ្លងកាត់ប៉ុណ្ណោះ ដូច្នេះគណៈបញ្ជាការឯកភាពក្រុង/ស្រុកទាំងអស់ ត្រូវចុះទប់ស្កាត់ និងបង្រ្កាបបទល្មើស ឲ្យខានតែបាន» មិនថាអ្នកដឹកឈើតាមរថយន្តទំនើបៗ ឬតាមរូបភាពណាក៏ដោយ គឺត្រូវតែបង្រ្កាបទាំងអស់។
ចំពោះការទប់ស្កាត់ និងបង្ក្រាបនេះ គឺមន្ត្រីជំនាញមិនត្រូវលាក់បាំង ឬឃុបឃិតជាមួយបទល្មើសទេ គឺត្រូវរាយការណ៍ មកគណៈបញ្ជាការឯកភាពខេត្ត។
លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ទីរអង្គភាព និងអាជ្ញាធរក្រុង/ស្រុកទាំងអស់ ត្រូវខិតខំប្រឹងប្រែងអនុវត្តន៍ នូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានស្ថិរភាព សុខសុវត្ថិភាព មានសណ្តាប់ធ្នាប់ល្អប្រសើរ ដើម្បីជួយកាត់បន្ថយភាពក្រក្រី ជូនប្រជាពលរដ្ឋ ជាពិសេសតាមបណ្តាមន្ទីរអង្គភាពទាំងអស់ ត្រូវមានសាមគ្គីភាពល្អ និងបន្តសហការគ្នា ដើម្បីឲ្យការអភិវឌ្ឍនៅក្នុងខេត្តត្បូងឃ្មុំ កាន់តែមានការរីកចម្រើន៕