(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្កើតទំព័រ Facebook មួយ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋរាយការណ៍ពីផ្លូវខូច ឬ ផ្លូវសំបុកមាន់នៅតាមបណ្តាផ្លូវនានា។ ក្រៅពីបង្កភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋរាយការពីផ្លូវខូច និង ផ្លូវសំបុកមាន់ហើយនោះ ការបង្កើតទំព័រនេះ ក៏ដើម្បីឲ្យមន្រ្តីក្រសួងចុះទៅជួសជុលបានឆាប់រហ័សផងដែរ។
ដើម្បីចូលរួមរាយការណ៍អំពីបញ្ហាផ្លូវខូច និងផ្លូវសំបុកមាន់ទាំងនោះ ប្រជាពលរដ្ឋគ្រាន់តែថតយករូបភាពផ្លូវ ដែលខូច ឬ ផ្លូវសំបុកមាន់ រួចចូលទៅកាន់ទំព័រ Facebook របស់ក្រសួងដូចភ្ជាប់មកជាមួយ (https://www.facebook.com/...) ហើយបញ្ជូនរូបភាពផ្លូវដែលខូច និងសរសេរបញ្ជាក់អំពីទីតាំង ដូចជាទីតាំងក្រុម ភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ ក៏ដូចជាលេខផ្លូវជាការស្រេច។
សូមបញ្ជាក់ថា ដើម្បីជួសជុលផ្លូវដែលខូចនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧នេះ បានដាក់ចេញយុទ្ធនាការជួសជុលផ្លូវខូចនៅទូទាំងប្រទេស ដោយបានចែកម៉ូតូកង់៣ រហូតដល់ ៦៥គ្រឿង។ នៅលើម៉ូតូសម្រាប់ធ្វើសកម្មភាពថែទាំផ្លូវ និងលុបសំបុកមាន់នេះ រួមមាន៖ អាវសុវត្ថិភាព មួកសុវត្ថិភាព ស្រោមដៃ ភ្លើង ផ្លាកសញ្ញាមានការដ្ឋាន ផ្លាកសញ្ញាចប់ការដ្ឋាន បង្គោលចរាចរណ៍រាងសាជី សញ្ញាបង្វែរទិស ខ្សែការពារការដ្ឋាន របាការពារការដ្ឋាន ម៉ាស៊ីនភ្លើង ម៉ា ស៊ីនបង្ហាប់ ជើងដំរី កៅស៊ូ និង មានមន្រ្តីបញ្ជាចរាចរណ៍ផងដែរ។
តាមរយៈម៉ូតូនេះ មន្រ្តីតាមមន្ទីរសាធាណការ និងដឹកជញ្ជូនទូទាំងរាជធានី-ខេត្ត បានចុះធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំផងដែរ។ ក្នុងរយៈពេល ១៣ថ្ងៃដើមខែមករា មានផ្លូវខូច និងផ្លូវសំបុកមាន់ជាច្រើនត្រូវបានជួសជុល។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា បច្ចុប្បន្ន មន្រ្តីសាធារណការ និងមន្រ្តីជំនាញមានចំនួនតិចតួចនៅឡើយ ជាហេតុធ្វើឲ្យមានភាពខ្វះចន្លោះក្នុងការចុះពិនិត្យ និងជួសជុលផ្លូវ ដែលមានបញ្ហា។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលឃើញផ្លូវខូចចូលរួមសហការ និងរាយការណ៍ជូនមន្រ្តី ដើម្បីចុះទៅជួសជុលផ្លូវទាំងនោះ៕