(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅស្រុកស្អាង និងស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលធ្លាប់មានជម្លោះដីធ្លីជាមួយឧកញ៉ា ឡោក ហ៊ួរ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្ដេចបានចេញអន្តរាគមន៍ណែនាំឲ្យលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ និងមានការចូលរួមសម្របសម្រួលតាមនីតិវិធីពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធ ចុះដោះស្រាយបញ្ចប់បញ្ហា និងប្រគល់ដីជូនដល់ពួកគាត់វិញ។
ទាំងប្រជាពលរដ្ឋ និងមន្រ្តីរាជការដែលមានជម្លោះដីធ្លីខាងលើ បានសម្ដែងនូវសេចក្ដីត្រេកអរឥតឧបមា ព្រមទាំងប្ដេជ្ញាចងចាំទុកជានិច្ច ចំពោះការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពួកគាត់ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ហើយថែមទាំងបានលើកឡើងថា ទាល់តែមានសម្ដេចតេជោ នាយករដ្ឋមន្រ្តី ទើបពួកគាត់ទទួលបានដីទាំងនោះមកវិញ។
ថ្លែងទាំងសំឡេងសើចសប្បាយលោក យី នរា មន្រ្តីបម្រើក្នុងក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ទីតាំងដីធ្លីដែលមានជម្លោះទាំងនោះ ស្ថិតក្នុងស្រុកស្អាង និងស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលមានជម្លោះជាមួយលោកឧកញ៉ា ឡោក ហ៊ួរ នោះជាយូរឆ្នាំមកហើយ ហើយក្នុងចំណោមអ្នកដែលត្រូវគេរំលោភយកដីនោះ លោកក៏ជាអ្នករងគ្រោះម្នាក់ដែរ។
លោក យី នរា បានបន្តថា ក្រោយពីទទួលបានការអន្តរាគមន៍ពីសំណាក់ សម្ដេចតេជោ និងបានទទួលដីរបស់ខ្លួនមកវិញ រួចមក គ្រួសារលោក និងប្រជាពលរដ្ឋទាំងអស់ មានសេចក្ដីត្រេកអរខ្លាំងណាស់ ព្រោះបញ្ហានេះ កើតឡើងជាយូរមកហើយ ពោលគឺគ្មានសង្ឃឹមនឹងទទួលបានដីមកវិញទេ តែគ្រាន់តែមានអនុសាសន៍ពី សម្ដេចតេជោ ភ្លាម ក្រសួងរៀបចំដែនដី ដែលមានលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ជាអ្នកដឹកនាំដោះស្រាយផងនោះ ពួកគាត់ហាក់មានសង្ឃឹមឡើងវិញ រហូតទទួលបានដីធ្លីទាំងនោះមកវិញដូចបំណង។
ទោះយ៉ាងណា លោក យី នរា និងប្រជាពលរដ្ឋទាំង២ស្រុកខាងលើ បានលើកដៃប្រណំថ្លែងអំណរអរគុណ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលជានិច្ចកាល សម្ដេចបានយកចិត្តទុកដាក់ ជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងប្ដេជ្ញាចងចាំនូវគុណបំណាច់ទាំងនេះជានិច្ច ព្រមទាំងគាំទ្រតាមការដឹកនាំរបស់ សម្ដេចតេជោ ជារៀងរហូត។
សូមជម្រាបថា ពាក់ព័ន្ធនឹងជម្លោះដីធ្លីខាងលើនេះ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ទីស្តីការគណៈរដ្ឋមន្រ្តី បានធ្វើលិខិតផ្ញើជូន លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ដោយបង្ហាញពីលទ្ធផល នៃការស្រាវជ្រាវករណីវិវាទដីធ្លីប្រជាពលរដ្ឋ ជាមួយឧកញ៉ា ឡោក ហ៊ួរ នៅស្រុកកៀនស្វាយ និងស្រុកគៀនស្វាយ ខេត្តកណ្តាល។
ទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា «លោក ឡោក ហ៊ួរ បានរំលោភដីប្រជាពលរដ្ឋជាច្រើនពាន់ហិកតា» ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ «បានសម្រេចដកហូតដីដែលលោក ឡោក ហ៊ួរ បានរំលោភដីពីប្រជាពលរដ្ឋចំនួន ២ ៩៩៧.៩២ហិកតា ព្រមទាំងនិរាករណ៍ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ចំនួន២៩ប័ណ្ណ»៕