(បន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់ ត្រូវបានអង្គភាពនគរបាលការពារបេតិភណ្ឌប្រចាំប្រាសាទបន្ទាយឆ្មា ឃាត់ខ្លួនពីបទជីករកវត្ថុបូរាណ នៅចំណុចទួលត្រពាំងកក់ ភូមិសំរោងលិច ឃុំបន្ទាយឆ្មា ស្រុកថ្មពួក កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។
មន្រ្តីនគរបាលអង្គភាពនគរបាល ការពារបេតិភណ្ឌប្រចាំប្រាសាទបន្ទាយឆ្មារ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ លឿង លា អាយុ៤៨ឆ្នាំ រស់នៅភូមិបន្ទាយឆ្មាលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
មន្រ្តីនគរបាលបានបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ លឿង លា ចោទប្រកាន់ពីបទលួចជីករុករក ផ្នូរសបបុរាណ គឺកម្លាំងនគរបាលការពារបេតិភណ្ឌប្រចាំប្រាសាទបន្ទាយឆ្មារ បានសហការជាមួយកម្លាំងនគរបាលស្រុកថ្មពួក រួមជាមួយអាជ្ញាធរមូលដ្ឋាន។
ជនសង្ស័យ កំពុងធ្វើសកម្មភាពជីករុករកផ្នូរសពបូរាណ ដែលជាកន្លែងហាមឃាត់ នៅចំណុចទួលត្រពាំងកក់ ស្ថិតក្នុងភូមិសាស្រ្តប្រមាណ២.០០០ម៉ែត្រ ពីអាងជើងគ្រោះស្ថិតភូមិសំរោងលិច ឃុំបន្ទាយឆ្មា ស្រុកថ្មពួក។
នៅពេលកម្លាំងនគរបាលចុះបង្រ្កាបឃាត់ខ្លួនសង្ស័យ បានម្នាក់រឹបអូសមានវត្ថុតាងរួមមាន៖ ចបកាប់ ចបជីក ដែកស្បែង ពិលចុច១ គោយន្ត១គ្រឿង ឆ្នាំងបាយ និងវត្ថុតាងជាច្រើនទៀត ចំណែកបក្ខពួកត្រូវបានគេចខ្លួន២នាក់។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យម្នាក់លួចជីកវត្ថុបូរាណ តំបន់ហាមឃាត់បាន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ៕