(បាងកក)៖ សភាជាតិថៃដែលគាំទ្រដោយរដ្ឋាភិបាលយោធានៅថ្ងៃសុក្រនេះ បានបោះឆ្នោតអនុម័តហើយលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតាមព្រះរាជបំណងរបស់ព្រះមហាក្សត្រថៃថ្មីព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ហើយដែលការអនុម័តនេះត្រូវបានគេមើលឃើញថា អាចនឹងជំរុញឱ្យការបោះឆ្នោតសកលដែលគ្រោងនឹងរៀបចំឡើងក្នុងឆ្នាំនេះត្រូវពន្យាពេល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧។
សេចក្ដីព្រាងរដ្ឋធម្មនុញ្ញគំាទ្រដោយរបបយោធាថៃត្រូវបានអនុម័តតាមរយៈការបោះឆ្នោតប្រជាមតិកាលពីឆ្នាំ២០១៦។ ក៏ប៉ុន្តែកាលពីថ្ងៃអង្គារកន្លងទៅ នាយករដ្ឋមន្ត្រីថៃលោក ប្រយុទ្ធ ចាន់អូចា បានថ្លែងថាព្រះមហាក្សត្រថៃថ្មីបានស្នើឱ្យមានការកែប្រែលក្ខន្តិកៈមួយចំនួន ពាក់ព័ន្ធនឹងអំណាចព្រះមហាក្សត្រនៅក្នុងសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីនេះ។ ដូច្នេះដើម្បីកែប្រែលក្ខន្តិកៈទំាងនេះ សភាថៃត្រូវតែធ្វើការប្រែរដ្ឋធម្មនុញ្ញបណ្ដោះអសន្នជាមុនសិន ខណៈទំនាក់រវាងព្រះមហាក្សត្រថ្មី និងរបបយោធាថៃកំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ។
គួរបញ្ជាក់ថាការបោះឆ្នោតអនុម័តស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបានអនុម័តដោយក្រុមអ្នកតំណាងរាស្ត្រ ២២៨នាក់ក្នុងចំណោមតំណាងរាស្ត្រសរុបទាំង ២៣១នាក់ រីឯសមាជិក ០៣នាក់ផ្សេងទៀតបានធ្វើអនុប្បវាទ៕