ថ្ងៃនេះ! នគរបាលអន្តោប្រវេសន៍ បណ្តេញជនជាតិវៀតណាម៦នាក់ ពីកម្ពុជា ក្រោយចាប់ខ្លួនរឿងរស់នៅ និងធ្វើការខុសច្បាប់
13-01-2017 13:53
(ភ្នំពេញ)៖ នគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ បានបណ្ដេញជនជាតិវៀតណាមចំនួន ៦នាក់ មានស្រី២នាក់ ចេញពីកម្ពុជា តាមច្រកទ្វារអន្តរជាតិក្អមសំណរ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា «ពួកគេទាំងនេះ បានលួចឆ្លងដែន ស្នាក់នៅដោយខុសច្បាប់គ្មានលិខិតឆ្លងដែន មកប្រកបរបរ លក់កាហ្វេ និងធ្វើការជាកម្មកសំណង់»។
សូមបញ្ជាក់ថា កម្លាំងនគរបាលអន្តោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បានស្រាវជ្រាវ និងចាប់ខ្លួនជនជាតិបរទេសជាបន្តបន្ទាប់ ដោយសារតែពួកគេលួចរស់នៅ និងធ្វើការខុសច្បាប់ ហើយធ្វើការបណ្តេញចេញទៅកាន់ប្រទេសកំណើតវិញផងដែរ៕