(ភ្នំពេញ)៖ លោកតា សួន សាន ម្ចាស់ពានរង្វាន់ចាប៉ីដងវែងជ័យលេភីលេខ២ ប្រចាំប្រទេសកម្ពុជានាឆ្នាំ២០០២ ដែលបច្ចុប្បន្នកំពុងត្រូវធ្លាក់ខ្លួនក្រខ្សត់ បានទទួលអំណោយមនុស្សធម៌របស់សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តារយៈអនុសាខាកាកកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដែលបានយកទៅចែកជូនលោកតាផ្ទាល់ដល់លំនៅឋាន នៅផ្ទះជួលស្ថិតក្នុងផ្លូវប៉េតុង ក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ។
លោកតា សួន សាន មានវ័យ៦៩ឆ្នាំ ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ពានរង្វាន់ជ័យលាភីលេខ២ ផ្នែកចាប៉ីដងវែង ប្រចាំប្រទេសកម្ពុជានាឆ្នាំ២០០២ ដែលលោកតាអាចច្រៀងបញ្ចេញសំនៀងវោហារ លាយលំនឹងការដេញចាប៉ីដងវែងរបស់ខ្លួន បានយ៉ាងពិរោះរណ្តំបំផុត បើទោះជាបច្ចុប្បន្នលោកតាធ្លាក់ខ្លួនឈឺរហូតត្រូវក្រខ្លួនក៏ដោយ។
លោកតាចាប៉ីដងវែងរូបនេះ មានស្រុកកំណើតនៅភូមិសុភី ឃុំបាទី ស្រុកបាទី ខេត្តតាកែវ ។ លោកបានធ្លាក់ខ្លួនឈឺកាលពីកំឡុងឆ្នាំ២០១៤ បន្ទាប់ពីមកពីច្រៀងចាប៉ីនៅប្រទេសចិន បានជាងមួយខែ ដោយពេលឈឺនោះរហូតមកទល់ពេលនេះមានរយះពេល៣ឆ្នាំហើយ ធ្វើឲ្យជីវភាពរបស់លោក និងក្រុមគ្រួសារត្រូវចុះខ្សោយជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។
គួរបញ្ជាក់ថា មួយរយៈពេលក្រោយមកនេះលោកតាសួន សាន ត្រូវបានបង្ហោះយ៉ាងគគ្រឹកគគ្រែងនៅលើបណ្តាញសង្គមហ្វេសបុកថា បានធ្លាក់ខ្លួនក្ររហូតត្រូវដើរសុំទានគេតាមផ្លូវ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋទូទៅមានការអាណិតអាសូរជាខ្លាំងដល់ សិល្បករបុរាណរូបនេះ។
សូមបញ្ជាក់ថា អំណោយចែកជូនរួមមាន៖ រទេះពិបាក១គ្រឿង គ្រឿងឧបភោគបរិភោគមួយចំនួនរួមទាំងថវិកា១០ម៉ឺនរៀលផងដែរ។
ឈ្លៀតក្នុងឱកាសដដែលនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកកបាទក្រហមប្រចាំខណ្ឌមានជ័យ បានថ្លែងថា «ជីវិតរស់នៅត្រូវតែមានការតស៊ូ និងព្យាយាម ចូលលោកតាកុំអស់សង្ឃឹម ចំពោះភាពក្រីក្រលំបាករបស់ខ្លួន ព្រោះថា គ្មាននណារកើតមកមិនជួបការលំបាកឡើយ ប៉ុន្តែយើងត្រូវជំនះវាឲ្យបានដើម្បីបន្តជីវិតរស់ទៅមុខទៀត និងដើម្បីមានជីវិតនៅជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់»។
លោកប្រធានអនុសាខា បានផ្ញើក្តីនឹករលឹកយ៉ាងក្រៃលែងផងដែរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនចំពោះលោកតា។ ថ្វីត្បិតតែពេលនេះសម្តេចមិនមានវត្តមាននៅទីនេះពិតប្រាកដមែន ប៉ុន្តែចិត្តរបស់សម្តេចតែងឋិតនៅក្បែរបងប្អូនជានិច្ច ដែលលោកតែងតែក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទឲ្យធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រលំបាកតោកយ៉ាក ចាស់ជរា អ្នកកើតជម្ងឺរុំារៃ និងជាពិសេសជនមានផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុករបស់ពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដូចគ្នា៕