(កណ្តាល)៖ ដោយអនុវត្តន៍តាមយុទ្ធនាការ បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស កម្លាំងអាវុធហត្ថចម្រុះខេត្តកណ្ដាល ក្រោមការបញ្ជា ផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្ត បានបើកប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន ២០នាក់ (ស្រី៣នាក់) រួមទាំងព្រះសង្ឃផងដែរ ដោយបានដកហូតថ្នាំញៀនចំនួន ៦៣កញ្ចប់ធំតូច ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧។
មន្រ្តីកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថស្រុកខ្សាច់កណ្តាល សហការជាមួយកម្លាំងអាវុធហត្ថខេត្តកំពង់ចាម និងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ១២អង្គ/នាក់ (ស្រី២នាក់) ដកហូតគ្រឿងញៀន៣៣កញ្ចប់ ក្នុងប្រតិបត្តិការបង្ក្រាប ចំនួន៥លើក រួមមាន៖
លើកទី១៖នៅវេលាម៉ោង៣រសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចដងផ្លូវលំ ភូមិឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតម៉ាទឹកកក ២០កញ្ចប់តូច និងសម្ភារប្រើប្រាស់ វេចខ្ចប់មួយចំនួន។
លើកទី២៖នៅវេលាម៉ោង១១ ថ្ងៃទី១០ ខែមករា ឆ្នាំ២០៧ នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌ័ឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យស្រីម្នាក់ និងដកហូតគ្រឿងញៀន២កញ្ចប់ និងសម្ភារជក់ វេចខ្ចប់មួយចំនួន។
លើកទី៣៖នៅវេលាម៉ោង១២ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ដោយមានការចង្អុលបង្ហាញជាលើកទី២ ពីជនសង្ស័យឈ្មោះ អាង សេរីវុទ្ធ កម្លាំងអាវុធហត្ថស្រុកខ្សាច់កណ្ដាល សហការជាមួយប្រធានធម្មការស្រុកខ្សាច់កណ្តាល ព្រះគ្រូចៅអធិការ និងអាចារ្យវត្តស្វាយរមៀត វត្តកោះចូរ៉ាម និងវត្តតាឯក បានឃាត់ខ្លួនព្រះសង្ឃប្រើប្រាស់គ្រឿងញៀន ចំនួន៦អង្គ (បានផ្សិករួចក្នុងមួយវត្តចំនួន២អង្គ) ដោយមានការឯកភាពពី លោកព្រះរាជ្ញា ឲ្យធ្វើការអប់រំណែនាំ ចុះកិច្ចសន្យា និងធ្វើពលកម្ម។
លើកទី៤៖នៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ឃាត់ខ្លួនសង្ស័យម្នាក់ ដកហូតបានគ្រឿងញៀន១០កញ្ចប់ និងសម្ភារប្រើប្រាស់ វេចខ្ចប់មួយចំនួន។
និងលើកទី៥៖ដោយមានការចង្អុលបង្ហាញពីជនសង្ស័យ ឈ្មោះ សេង ម៉េងឡុង នៅវេលាម៉ោង១០៖២២នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិរកាទ្វារ ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ២នាក់ (ស្រីម្នាក់) ដកហូតគ្រឿងញៀន១កញ្ចប់ធំ និងសម្ភារជក់ វេចខ្ចប់មួយចំនួន។
មន្រ្តីអាវុធហត្ថបានបន្តថា ចំពោះមូលដ្ឋានអាវុធហត្ថស្រុកកោះធំ ស្រុកស្អាង និងក្រុងតាខ្មៅ បានចុះបង្ក្រាបចំនួន៣លើក ឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ និងដកហូតគ្រឿងញៀន៣០កញ្ចប់ រួមមាន៖
លើកទី១៖នៅវេលាម៉ោង៩៖១៥នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅចំណុចព្រែកចាម ស្ថិតក្នុងភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ឃាត់ខ្លួនសង្ស័យម្នាក់ ដកហូតគ្រឿងញៀន៤កញ្ចប់តូច និងសម្ភារប្រើប្រាស់ វេចខ្ចប់មួយចំនួន។
លើកទី២៖នៅវេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថស្រុកកោះធំ សហការជាមួយកម្លាំងអាវុធហត្ថស្រុកស្អាង និងកម្លាំងអាវុធហត្ថក្រុងតាខ្មៅ ឃាត់ខ្លួនជនសង្ស័យ៦នាក់ (ស្រីម្នាក់) ដកហូតគ្រឿងញៀន២៥កញ្ចប់ និងសម្ភារប្រើប្រាស់ វេចខ្ចប់គ្រឿងញៀនមួយចំនួន នៅភូមិព្រែកសំរោង២ សង្កាត់/ក្រុងតាខ្មៅ។
និងលើកទី៣៖កម្លាំងអាវុធហត្ថក្រុងតាខ្មៅ បានបន្តឃាត់ខ្លួនជនសង្ស័យអ្នកជួញដូរម្នាក់ទៀត នៅវេលាម៉ោង ៥៖៣០នាទី ថ្ងៃដដែល នៅចំណុចភូមិព្រែកសំរោង២ សង្កាត់/ក្រុងតាខ្មៅ ដកហូតគ្រឿងញៀន១កញ្ចប់ធំ។
សរុបទាំងអស់ កម្លាំងអាវុធហត្ថចម្រុះខេត្តកណ្ដាល បានឃាត់ខ្លួនជនសង្ស័យចំនួន ២០អង្គ/នាក់ (ស្រី៣នាក់) ដកហូតគ្រឿងញៀន ៦៣កញ្ចប់។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងរួចហើយ ជំនាញមន្ទីរយុត្តិធម៌ខេត្ត បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ជាបន្តបន្ទាប់ និងកំពុងបន្តនីតិវិធីតាមច្បាប់។
លោកឧត្តមសេនីយ៍ សំ តុលា បានបញ្ជាក់ថា ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល លោកនឹងដឹកនាំកម្លាំងចុះស្រាវជ្រាវ បង្ក្រាបបទល្មើសនានា កាន់តែខ្លាំងឡើង ដើម្បីរក្សាសន្តិសុខតាមមូលដ្ឋានជូនប្រជាពលរដ្ឋ។