(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូចូលគោរពវិញ្ញាណក្ខ័ន្ធ លោកវរសេនីយ៍ត្រី លុយ ប៊ុនឡុង មន្ដ្រីកងវិស្វកម្មលេខ៤៥៩កម្ពុជា ដែលបានស្លាប់ ក្នុងពេលបំពេញបេសកកម្ម រក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិកកណ្ដាល។
បច្ចុប្បន្នសពរបស់ លោកវរសេនីយ៍ត្រី លុយ ប៊ុនឡុង កំពុងរៀបចំធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី នៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សូមបញ្ជាក់ថា លោក លុយ ប៊ុនឡុង មន្រ្តីផ្នែកបើកបររ៉ូឡូទន្ទ្រាំ នៅកងអនុសេនាតូចស្ថាបនាសំណង់ផ្ដេកទី២ នៃកងអនុសេនាធំវិស្វកម្មសំណង់លេខ៤៥៩ បានទទួលមរណភាព ដោយសារជំងឺគ្រុនចាញ់កម្រិតធ្ងន់ ក្នុងមន្ទីរពេទ្យកម្រិត២ រ៉ូវាន់ដា នៅទីក្រុង Bria តំបន់ខាងកើត នៃអាហ្វ្រិកកណ្ដាល វេលាម៉ោង ៣៖៤៥នាទីទៀបភ្លឺថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧៕