Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ប៉ុល សារឿន ប្រាប់​មេបញ្ជាការ និងគ្រូបង្វឹក​ឆត្រ​យោង៩១១ ពន្យល់​ឲ្យច្បាស់ពី​បច្ចេកទេស​លោតឆត្រចៀស​វាង​បញ្ហាអកុសល​ (Video inside)

13-01-2017 12:23

(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានក្រើនរំលឹកមេបញ្ជាការកងទ័ពឆ័ត្រយោង ៩១១ ឧត្តមសេនីយ៍ឯក ចាប់ ភក្តី ក៏ដូចជាគ្រូបង្វឹកលោតឆត្រត្រូវពន្យល់ឲ្យច្បាស់លាស់ពីបច្ចេកទេសទៅដល់សិក្ខាកាម ដើម្បីចៀស វាងបញ្ហាភ្លាំងភ្លាត់ណាមួយនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។

ការក្រើនរំលឹករបស់នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានធ្វើឡើងក្នុងកម្មវិធីបិទវគ្គជំនាញឆត្រយោងជំនាន់ទី២១ និង បើកវគ្គជំនាញឆត្រយោងជំនាន់ទី២២ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ នៅទីលានលោតឆត្រក្តាន់រយ ក្នុងខេត្តកំពង់ស្ពឺ។

ការក្រើនរំលឹករបស់នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានធ្វើឡើងបន្ទាប់ពីមានសិក្ខាកម្មឆត្រយោងមួយរូប បានស្លាប់បាត់បង់ជីវិត ព្រោះតែបញ្ហាបច្ចេកទេស ក្នុងពេលលោតឆត្រកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧កន្លងទៅនេះ។ សិក្ខាដែលស្លាប់ព្រោះបញ្ហាបច្ចេកទេសពេលលោតឆត្រនោះ មានឈ្មោះ ចំណង់ លេស គំម៉ារី សិក្ខាកាមនៃទ័ពជើងគោកជំនាន់ទី៦។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានថ្លែងប្រាប់ ឧត្តមសេនីយ៍ឯក ចាប់ ភក្តី និងគ្រូបង្វឹកលោតឆត្រថា ត្រូវពិនិត្យឲ្យបានម៉ឺងម៉ាត់អំពីលក្ខណៈសម្បត្តិ កាយសម្បទា និងពិនិត្យសុខភាពឲ្យបានត្រឹមត្រូវផងដែរ។ ជាពិសេសត្រូវតាមដានឲ្យបានច្បាស់លាស់អំពីលក្ខណៈអាកាសធាតុ ព្រមទាំងត្រួតពិនិត្យគុណភាពឆត្រ ការថែរក្សាទុក ដាក់ឆត្រ ឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និង ពន្យល់ឲ្យបានច្បាស់អំពីបច្ចេកទេសបត់ឆត្រ ពាក់ឆត្រ លោតឆត្រ និងការដោះស្រាយបញ្ហាពេលជួបឧបសគ្គ។

អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ លោក ប៉ុល សារឿន ក៏បានសំដែងនូវមរណទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពនាយទាហាន ចំណង់ លេស គំម៉ារី ផងដែរ។

នៅក្នុងពិធីនាព្រឹកមិញនេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានផ្ដាំផ្ញើទៅសិក្ខាកាមទាំងអស់ត្រូវលើកកម្ពស់មនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់ នូវរាល់បទបញ្ញតិ លក្ខន្តិកៈ បទដ្ឋាន គតិយុត្តនានា។ លោក ប៉ុល សារឿន ក៏បានផ្តាំផ្ញើឲ្យប្រកាន់ខ្ជាប់នូវប្រពៃណី សេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ដើម្បីក្លាយជាកងកម្លាំងពិតរបស់ប្រជាជាតិការពារជាតិ និងប្រជាជន និងបន្តខិតខំប្រឹងប្រែងលើកកម្ពស់វិស័យហ្វឹកហ្វឺន កសាងប្រភពធនធានមនុស្សប្រកបដោយគុណភាព និងបង្កើនការយកចិត្តទុកដាក់ថែរក្សាគ្រឿងសព្វាវុធ សម្ភារៈបរិក្ខារឲ្យបានគង់វង្ស និងមានប្រសិទ្ធភាពយូរអង្វែងដល់កិច្ចការពារជាតិ ឲ្យទទួលបានជោគជ័យ៕