(ភ្នំពេញ)៖ ត្រឹមរយៈពេល១១ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ មានមន្ត្រីកម្ពុជា ប្រមាណ៧,៦៥៧នាក់ហើយ បានចូលប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ នេះបើតាមសេចក្ដីប្រកាសរបស់ ACU) ដែលអង្គភាពព័ត៌មាន Fresh News ដែលទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ។
ACU បានឲ្យដឹងថា រយៈពេល១១ថ្ងៃនេះ មានមន្រ្តីក្រសួង-ស្ថាប័នចំនួន០៣ និងខេត្តចំនួន០១ ដែលបានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនជោគជ័យ១០០% ក្នុងនោះមាន៖ ១៖ ក្រសួងផែនការ ២៖ ធនាគារជាតិនៃកម្ពុជា ៣៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)និង ៤៖ ខេត្តកំពង់ចាម ។
សូមជម្រាបថា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នាពេលកន្លងទៅ បានប្រកាសប្រាប់ដល់មន្ត្រីកម្ពុជានានា ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល រួមទាំងប្រធានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ ប្រចាំនៅគ្រប់ក្រសួង-ស្ថាប័ន និងរាជធានីខេត្តទាំងអស់ ត្រៀមខ្លួន ទទួលឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលត្រូវធ្វើឡើងរៀងរាល់ថ្ងៃចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ រួមទាំងថ្ងៃបុណ្យ ចាប់ពីម៉ោង៨ព្រឹក ដល់៥ល្ងាច រយៈពេលពេញមួយខែ ចាប់ពីថ្ងៃទី០១-៣១ ខែមករា ឆ្នាំ២០១៧៕