(កោះកុង)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លេងឲ្យដឹងថា «សន្តិភាពគឺមានតម្លៃណាស់ សម្រាប់ប្រទេសជាតិនីមួយៗ ក្នុងការអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន»។
លោករដ្ឋមន្រ្តី វង សូត ក៏បានជម្រាបឲ្យបងប្អូនប្រជាពលរដ្ឋដឹងពីវឌ្ឍភាពលើវិស័យសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ដោយ ក្រសួង បានខិតខំអនុវត្តគោលនយោបាយ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តនូវកម្មវិធី គោលនយោបាយរបស់ រាជរដ្ឋាភិបាលអាណត្តិទី៥ ជាពិសេសជំរុញអនុវត្តគោលនយោបាយ សមធម៌សង្គម លើកតម្កើងជីវភាពរស់នៅ របស់ប្រជាជនក្នុងសង្គម បង្កើនការឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ និងស្មារតី បង្កលក្ខណៈផ្តល់សេវាសង្គមកិច្ច ជួយដល់ក្រុមជនរងគ្រោះ និងងាយរងគ្រោះ ។
លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានលើកឡើងបែបនេះ ខណៈលោកព្រមទាំងគណៈប្រតិភូអមដំណើរ អញ្ជើញចុះចែកអំណោយ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះដោយគ្រោះធម្មជាតិ និងជនរងគ្រោះជយថាហេតុផ្សេងៗ នៅខេត្តកោះកុង ចំនួន ៣០៦ គ្រួសារ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ។
បន្ថែមពីលើនេះ លោក វង សូត រដ្ឋមន្រ្តី ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិនៃកម្ពុជាដែលជា និច្ចជាកាលតែងគិតគូរ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេស ប្រជាពលរដ្ឋក្រីក្ររងគ្រោះ និងងាយរងគ្រោះជាដើម។
លោក វង សូតបញ្ជាក់ឲ្យដឹងថា ជាក់ស្តែង អំណោយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលចែកជូន បងប្អូននាពេលនេះ ទោះតិចក្តីច្រើនក្តី ប៉ុន្តែវាក៏អាចជួយសម្រួលដល់ការលំបាកបានមួយរយៈដែរ។ ជាមួយគ្នានេះ រដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ជាពិសេសមន្ទីរ ស.អ.យ ខេត្តព្រមទាំង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានសហការរៀបចំពិធីនេះឡើង ដែលនេះបង្ហាញពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាល ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូន ដោយសារគ្រោះធម្មជាតិបានទាន់ពេលវេលា ។
នៅក្នុងឱកាសចុះចែកអំណោយទាំងពីរនោះ លោករដ្ឋមន្រ្តី បានផ្តល់ជូនគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ចំនួន ២ ម៉ឺនរៀល ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រទាំង ៣០៦ គ្រួសារផងដែរ៕