(ភ្នំពេញ)៖ ចំណេះដឹងជាមូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ និង កិច្ចការការពារអ្នកប្រើប្រាស់» ត្រូវបានចែករំលែកដល់តំណាងសិស្ស យុវជនកាយរិទ្ធ និងយុវជនកាកបាទក្រហម នៃវិទ្យាល័យព្រះយុគន្ធរ ចំនួន១៧០នាក់ ដោយមន្ត្រីជំនាញមកពីសាខាកាំកុងត្រូលផែស្ងួតចុងទី-ភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នេះ។
មន្ត្រីជំនាញចំនួន៣រូប នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានលើកយកប្រធានបទ៣ សំខាន់ៗ ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និង វិធានការពាក់ព័ន្ធមួយចំនួន រួមមាន «ចំណេះដឹងទូទៅអំពីសុវត្ថិភាពម្ហូបអាហារ ពីកសិដ្ឋានដល់តុបរិភោគ», «សារធាតុគីមីហាមឃាត់ ដែលត្រូវបានលបលួចប្រើប្រាស់ ក្នុងម្ហូបអាហារ និងផលប៉ះពាល់» និង «សារៈសំខាន់ នៃសារធាតុអ៊ីយ៉ូត ដែលអាចរកបានយ៉ាងងាយក្នុងអំបិលអ៊ីយ៉ូត» រួមទាំងវិធានការចំបាច់មួយចំនួន សំរាប់ទប់ស្កាត់ ការលបលួចនាំចូល ការលបលួចផលិតនិងចែកចាយ ការលបលួចដកចេញឬដាក់បន្ថែមនូវចំណែកណាមួយនៃម្ហូបអាហារ ផងដែរ។
លោក ខៀវ បញ្ញាវឌ្ឍន៍ គ្រូបង្គោលនៃអគ្គនាយកដ្ឋានកាំកុងត្រូល ដែលដឹកនាំវគ្គផ្សព្វផ្សាយនេះ បានលើកឡើងក្នុងបទបង្ហាញរបស់លោកថា « ក្នុងន័យវិទ្យាសាស្ត្រ ពុំមានម្ហូបអាហារណាមួយដែលគ្មានសារធាតុគីមីនោះទេ ! »។ លោកបានពន្យល់អោយដឹងថា គ្រប់ចំណីអាហារទាំងអស់ សុទ្ធតែបង្ករឡើងដោយសារធាតុគីមី ក្នុងនោះមានសារធាតុគីមីពីរដែលផ្សំឡើងដោយធម្មជាតិរបស់វា និងសារធាតុគីមីដែលត្រូវបានដាក់បន្ថែម។ សារធាតុគីមីដែលត្រូវដាក់បន្ថែម រួមមានសារធាតុគីមីដែលបទដ្ឋានម្ហូបអាហារអនុញ្ញាត (ក្នុងកំរិតកំណត់ណាមួយ និងក្នុងដំណាក់ណាមួយនោះ) និងសារធាតុគីមីដែលបទដ្ឋានម្ហូបអាហារមិនអនុញ្ញាត ដែលបង្កអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
លោក ខៀវ បញ្ញាវឌ្ឍន៍ ក៏បានបញ្ហាញក្នុងបទឧទ្ទេសនាម របស់លោកផងដែរ ដើម្បីកុំអោយអ្នកប្រើប្រាស់មានការភ័នច្រឡំថា អាហារដែលប្រមូលផលពីប្រភពធម្មជាតិសុទ្ធសាធ សុទ្ធតែមានសុវត្ថិភាពនោះ។ លោក បានលើកឡើងអំពីពពួកផ្សិត ប្រភេទមច្ឆា និង ក្រុមរុក្ខជាតិមួយចំនួន ក៏សុទ្ធតែមានសារធាតុ ពុលពីធម្មជាតិ របស់វា និងធ្វើ អោយប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ និងអាយុជីវិតទៀតផង។
ក្នុន័យនេះ លោកសំណូមពរអោយអ្នកអ្នកប្រើប្រាស់ម្ហូបអាហារគ្រប់រូប កុំមានទុដ្ឋិនិយមនឹងពាក្យ «គីមី» ដែលប្រាកចាកអត្ថន័យវិទ្យាសាស្ត្រខ្លាំងពេក ហើយក៏កុំអោយ អ្នកប្រើប្រាស់ទាំងអស់ មានសុទិដ្ឋិនិយមនិងពាក្យ «ធម្មជាតិ» ដោយពុំយល់ពីវិទ្យាសាស្ត្រពិតរបស់វាពេកដែរ។
ការគ្រប់គ្រងអាហារដែលផលិតបានហើយពុំបានសមស្របតាមបច្ចេកទេស ការរក្សាទុកហួសកាលកំណត់ និងការចំអិនមិនបានត្រឹមត្រូវ ក៍ជាចំណែកមួយនៃការធ្វើ អោយម្ហូបអាហារ បាត់បង់ទាំងគុណភាពនិងសុវត្ថិភាពផងដែរ។ ដូច្នេះ ចំណេះដឹងជាមូលដ្ឋានអំពីសុវត្ថិភាពម្ហូបអាហារ មានសារសំខាន់ណាស់ សំរាប់យើងទាំងអស់គ្នា ទាំងអ្នកផលិតនិងអ្នកប្រើប្រាស់។
ជាចុងបញ្ចប់ លោក ខៀវ បញ្ញាវឌ្ឍន៍ ទទូចសុំអោយកសិករទាំងអស់ មេត្តាប្រើប្រាស់សារធាតុគីមីទៅលើដំណាំរបស់ខ្លួន តែចំពោះសារធាតុគីមីណាដែលមានក្នុងបញ្ជីអនុញ្ញាតរបស់ស្ថាប័នជំនាញ ក្នុងដំណាក់កាល និងរយៈពេលមួយកំណត់ទៅតាមការណែនាំដែលមាននៅលើសំបកវេចខ្ចប់នោះ។ អ្នកចែកចាយទាំងអស់ ក៏សូមមេត្តាកុំដាក់បន្ថែម នូវសារធាតុណាមួយ ដោយពុំមានបទដ្ឋានកំណត់ ឬតាមលំអានតៗគ្នា ទោះក្នុងគោលបំណងណាមួយក្តី។
មាត្រាទី១៧ នៃច្បាប់ស្តីពី «ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា» ការកែច្នៃផលិតផលតាមរបៀបណាមួយ រួមមានការដាក់បញ្ចូលបន្ថែម ឬការដកចេញចំណែកណាមួយ ដែលពុំត្រូវបានអនុញ្ញាតដោយបទបញ្ញត្តិ ឬធ្វើឡើងដោយទំលាប់ ត្រូវបានបានហាមជាដាច់ខាត។ បទល្មើសនៃមាត្រា១៧នេះ នឹងត្រូវផ្តន្ទាទោសដោយមាត្រា៦៣ នៃច្បាប់ដដែល អោយជនល្មើសជាប់ពន្ធនាគារពី១ខែដល់១ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ៥លានដល់១០លានរៀល ឬមួយទោសណាមួយ ក្នុងចំណោមទោសទាំងពីរ ៕